ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្ដីវាយធ្វើបាបទ្រាំមិនបានទាញបានដំបងឫស្សីវាយបាក់កស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំបានស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីសង្ស័យ បន្ទាប់ពីធ្វើសកម្មភាពប្រើហិង្សាយកដំបងឫស្សីវាយទៅលើជនរងគ្រោះជាប្ដីបណ្ដាលឲ្យស្លាប់ ហើយរត់គេចខ្លួនកាលពីយប់ថ្ងៃទី៩ ខែកញា ឆ្នាំ២០១៧ នៅចំណុច ភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយជ្រំបានឲ្យដឹងថា ប្ដីដែលស្លាប់មានឈ្មោះ ប៉ែន ឡា អាយុ៥០ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ដោយត្រូវចំកញ្ចឹងកខាងក្រោយរបួសធ្ងន់ និងស្លាប់នៅកន្លែងកើតហេតុ។

ចំណែកស្រ្តីសង្ស័យជាប្រពន្ធមានឈ្មោះ នួន នៅ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករមានទីលំនៅជាមួយគ្នា។

ប្រភពបន្តថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចកងរាជអាវុធហត្ថដឹកនាំដោយលោកអនុសេនីយ៍ឯក កែ ធីមេបញ្ជាកាកងរាជអាវុធហត្ថស្រុកស្វាយជ្រំបានចុះទៅឃាត់ខ្លួនករណីហិង្សាដោយចេតនាកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែកញា ឆ្នាំ២០១៧ នៅចំណុច ភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ដោយជនសង្ស័យជាប្រព័ន្ធបានយកដំបងឫស្សីវាយទៅលើជនរងគ្រោះជាប្ដីត្រូវចំកខាងក្រោយបណ្ដាលឲ្យដួលស្លាប់នៅនឹងកន្លែងកើតហេតុ ហើយបានរត់គេចខ្លួនរហូតដល់ម៉ោង២១និង៥០នាទី ថ្ងៃ ខែដដែលទើបកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ស្រាវជា្រវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាប្រពន្ធតែម្ដង។

តាមចម្លើយសាភាពរបស់ស្ត្រីសង្ស័យមូលហេតុ ដែលសម្លាប់ប្ដីដោយសារតែជនរងគ្រោះជាប្ដីបានផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃ ខណៈមកដល់ផ្ទះចេះតែរករឿងគាត់ និងជេរដៀមដាម និងប្រចណ្ចផងហើយក៏បានដេញវាយគាត់ ដោយទ្រាំមិនបាន គាត់ក៏បានប្រតាយប្រតប់ និងទាញយក ដំបងឫស្សីវាយប្ដីបណ្ដាលឲ្យស្លាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យជាប្រពន្ធត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនមកសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖