ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះលោកណូយ វណ្ណេត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី៩ ខែកញ្ញា នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ពេលនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នៃខេត្តសុរិន្ទប្រទេសថៃក្រោយស្ថានភាព របួសធ្ងន់ ។
បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យលោក ណូយ វណ្ណេត របួសត្រង់ផ្នែកក្បាលធ្ងន់ធ្ងរហើយអាការៈនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យ ។ ប្រភពក្រុមគ្រួសារបញ្ជាក់ថា ពេលនេះលោកណូយ វណ្ណេត កំពុងសម្រាកព្យាបាល និងតាមដានជំងឺពីក្រុមគ្រូពេទ្យនៅទីនោះ ដោយមានសាច់ញ្ញាតិ និងភរិយានៅមើលថែ ។
គួរបញ្ជាក់ដែរថា លោកណូយ វណ្ណេតបានជួបគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៧នៅលើកំណត់បង្គោលផ្លូវ១៥១ស្ថិតនៅម្ដុំស្រែអំបិល ។ ហេតុការណ៍នេះត្រូវបានសមត្ថកិច្ចលើកឡើងថា បណ្ដាលមកពីអ្នកបើកម៉ូតូធំ២នាក់បានជិះបញ្ច្រាសផ្លូវគ្នាក្នុងល្បឿនលឿនហើយបុកពេញទំហឹងមុខរថយន្តរបស់លោកណូយ វណ្ណេតដោយអ្នកបើកម៉ូតូទាំង២បានប៉ើងរថយន្តតែម្ដងហើយទីបំផុតអ្នកជិះម៉ូតូម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ ។
លោកណូយ វណ្ណេតក៏ត្រូវ របួសធ្ងន់ដោយសារពិតនឹងរថយន្ត ដែលកំពិត និងបុកជាមួយចង្កូតរថយន្តដោយបណ្ដាលឲ្យលោក ឈឺក្បាល ចុកទ្រូង និងពិបាកដកដង្ហើម ។ លោកអាចនឹងសម្រាកព្យាបាលជំងឺជាច្រើនថ្ងៃនៅមន្ទីរពេទ្យនៃប្រទេសថៃ ប្រសិនបើស្ថានភាពជំងឺមិនមានភាពប្រសើរឡើង៕ វឌ្ឍនា