ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកជ្រូកបើកលឿនជ្រុលបុករថយន្តកុងតឺន័រពីក្រោយគៀបតៃកុងជាប់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តកូរ៉េដឹកជ្រូកក្នុងល្បឿនលឿន ជ្រុលបុករថយន្តកុងតឺន័រពីក្រោយ ដែលចតស្ងៀមបណ្តាលឲ្យគៀបជាប់ក្នុងកាបិនរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧​ នៅចំណុចខាងជើងផ្សាទួលពង្រ​ ផ្លូវបេតុង​ ភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​២​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះហ៊ុយ​ ចាន់ថុង​ ភេទប្រុស អាយុ២៥ឆ្នាំ​ ស្នាក់នៅសង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ​នៅមុនពេលកើតហេតុ គេបានឃើញរថយន្តសណ្តោងកុងតឺន័រ​ ពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ 3D 5576 បានមកចតនៅក្បាលទៅជើងទាំងខុសទិសដៅចរាចរណ៍​ និងមិនមានដាក់សញ្ញាសម្គាល់​ ក្រោយមកស្រាប់តែមានរថយ​ន្តកូរ៉េ​ ពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ3D 5099 បើកបរដោយបុរសម្នាក់ដឹងជ្រូកពេញរថយន្តធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងហើយបានបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹងបណ្តាលឲ្យគៀបម្ចាស់រថយន្តកូរ៉េជាប់ក្នុងកាប៊ិនរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងហៅក្រុមរថយន្តសង្គ្រោះកងពលតូច៧១១ មកជួយគាស់យកជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ។

ដោយឡែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖