ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉េដឹកជ្រូកក្នុងល្បឿនលឿន ជ្រុលបុករថយន្តកុងតឺន័រពីក្រោយ ដែលចតស្ងៀមបណ្តាលឲ្យគៀបជាប់ក្នុងកាបិនរងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងជើងផ្សាទួលពង្រ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះហ៊ុយ ចាន់ថុង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តសណ្តោងកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D 5576 បានមកចតនៅក្បាលទៅជើងទាំងខុសទិសដៅចរាចរណ៍ និងមិនមានដាក់សញ្ញាសម្គាល់ ក្រោយមកស្រាប់តែមានរថយន្តកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3D 5099 បើកបរដោយបុរសម្នាក់ដឹងជ្រូកពេញរថយន្តធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងហើយបានបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹងបណ្តាលឲ្យគៀបម្ចាស់រថយន្តកូរ៉េជាប់ក្នុងកាប៊ិនរងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងហៅក្រុមរថយន្តសង្គ្រោះកងពលតូច៧១១ មកជួយគាស់យកជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ។
ដោយឡែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ