ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបន្តយុទ្ធនាការរំដោះចិញ្ចើមផ្លូវនៅក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ : ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវ៣៦៩ចាប់ពីតំបន់ច្រាំងបាក់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់វិហ៊ាឥស្លាម ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោករស់ សុភ័ក្តិ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌ បានបើកយុទ្ធនាការសាជាថ្មីដើម្បីរំដោះចិញ្ចើមផ្លូវ ក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់អោយបានល្អប្រសើរ ដើម្បីសម្រួលដល់ការធ្វើចរាចរនៅក្នុងមូលដ្ឋាន ។

លោករស់ សុភ័ក្តិ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌបានអោយដឹងថា មុនពេលក្រុមការងារចុះមកអនុវត្តវិធានការរដ្ឋបាល គណៈបញ្ជាការឯកភាពខណ្ឌបានរៀបចំផែនការអោយក្រុមការងារចុះចែកនូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋនីមួយៗ ដែលនៅអមសងខាងផ្លូវ 369 ទាំងអស់។

ក្រោយការចុះអប់រំណែនាំ និងរៀបចំសណ្តាប់ធ្នាប់រួចមក រដ្ឋបាលខណ្ឌនឹងទុករយះពេលកំណត់មួយ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើការរៀបចំនិងកែតម្រូវតាមការណែនាំ។ ផុតកំណត់នៃការជូនដំណឹងនេះ ប្រសិនបើម្ចាស់ផ្ទះរូបណានៅតែបំពានមិនអនុវត្តតាមការណែនាំ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាលដោយដកហូតសម្ភារះ និងមធ្យោបាយគ្រប់ប្រភេទមករក្សាទុកនៅសាលាខណ្ឌជាបណ្តោះអាសន្ន។ ប៉ុន្តែយុទ្ធនាការថ្ងៃដំបូងនេះមិនបានអនុវត្តវិធានការក្តៅនោះទេ គ្រាន់តែចុះណែនាំនិងបាញ់គំនូសកំណត់ព្រំសម្រាប់អោយម្ចាស់លំនៅដ្ឋានប្រើប្រាស់ចិញ្ចើមផ្លូវប៉ុណ្ណោះ ថ្ងៃក្រោយបើពិនិត្យឃើញថាម្ចាស់ផ្ទះនៅតែបំពានគណៈបញ្ជាការឯកភាពនិងចាត់វិធានរឹបអូសយកសម្ភារៈមករក្សាទុកនៅសាលាខណ្ឌ ។

លោកអភិបាលរងបានបន្តថា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ល្អសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវលេខ៣៦៩ គណៈបញ្ជាការឯកភាពបានដាក់ចេញនូវទិសដៅរួម ទី១-ហាមចតយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តបែបអាណាធិបតេយ្យលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវក្នុងគោលំណងដើម្បីបំរើផលប្រយោជន៏មុខរបរអាជីវកម្មរបស់ខ្លួន តែធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ ។

ទី២-ហាមសាងសង់របង សំយ៉ាបផ្ទះ រោង តូប ស្តង់ និងការដាក់លក់ទំនិញលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណះ និងទី៣-ហាមដាច់ខាតមិនឲអោយម្ចាស់សំណង់ ធ្វើការហ៊ុំព័ទ្ឋការដ្ឋានសំណង់លើចិញ្ចើមផ្លូវសាធារណះលើសពី ១ភាគ៣ នៃផ្លូវ រឺប្រើប្រាស់ផ្លូវ និងយកចិញ្ចើមផ្លូវទុកដាក់សម្ភារះសំណង់គ្រប់ប្រភេទ ។

ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋរស់នៅអមសង្ខាងផ្លូវលេខ៣៦៩ ផ្លូវជាតិលេខ១ និងផ្លូវមួយចំនួនទៀតនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនិងចូលរួមជាមួយអាជ្ញាធរខណ្ឌប្រកបដោយឆន្ទៈមានមនសិការពិតប្រាកដដើម្បីរួមគ្នារៀបចំសណ្តាប់អោយបានប្រសើរឡើងថែមទៀត ។

បន្ទាប់ពីចប់យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវលេខ៣៦៩ លោកអភិបាលរងខណ្ឌបានដឹកនាំក្រុមការងារចុះទៅពិនិត្យសកម្មភាពគ្រឿងចក្រកាយប្រឡាយដើម្បីរំដោះទឹកចេញពីភូមិប្រជាពលរដ្ឋនៅក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ផងដែរ ៕សណ្តោស


ចែករំលែក៖