ព័ត៌មានទាន់ហេតុការណ៍៖

តាកូម៉ាបុកម៉ូតូបែកប្រអប់ជើងនារីម្នាក់រួចបើករត់ នគរបាលតាមចាប់ជាប់

ចែករំលែក៖

ភ្នំពេញៈ ជនរងគ្រោះជានារីភេទម្នាក់ក្នុងចំណោម២នាក់ ត្រូវរថយន្តមួយគ្រឿងបើកបរមិនប្រុងប្រយ័ត្នបុករងរបួសបែកប្រអប់ជើង កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះ អូន ម៉េងអាយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងជុសជុលរថយន្ត ស្នាក់នៅផ្ទះលេខ៤ ក្រុម១៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបាននគរបាលចរាចរឃាត់ខ្លួន បន្ទាប់ពីមានឧប្បត្តហេតុនេះកើតឡើង ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញមានមនុស្សស្រី២នាក់ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាសរីវ៉ូ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ ១AG-១៩០៣ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះសីហនុក្នុងទិសដៅពីលិចទៅកើត។ ខណៈមកដល់ចំណុចកែងនិងមហាវិថីព្រះនរោត្តម ស្រាប់តែបុរសខាងលើបើករថយន្តម៉ាក តូយ៉ូតា តាកូម៉ា ពណ៌សពាក់ ស្លាកលេខភ្នំពេញ២AF-៧៥៧៣ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន។ ពេលមកដល់កន្លែងកើតហេតុរថយន្តនេះបានជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកអង្គុយក្រោយបែកប្រអប់ជើងខាងស្ដាំ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ឯនារីម្នាក់ទៀតជាអ្នកឌុបរងរបួសស្រាល និងម៉ូតូខូចខាតគួរសម ។នៅពេលនោះរថយន្តបង្កមិនបានឈប់ទេគឺបាន ព្យាយាមបើក រត់គេចខ្លួនរហូតដល់មុខសាលាចតុមុខទើបនគរបាលចរាចរឃាត់បាន។

បច្ចុប្បន្នម្ចាស់រថយន្តរួមទាំងរថយន្ត ត្រូវបាននគរបាលខណ្ឌចំការមន ឃាត់ខ្លួននាំទៅអធិការដ្ឋាននគរបាលខណ្ឌចំកាមន រង់ចាំដោះស្រាយជាមួយជនរងគ្រោះនៅពេលក្រោយ៕ ស រស្មី


ចែករំលែក៖