ព័ត៌មានទាន់ហេតុការណ៍៖

សង្វៀនជល់មាន់ដ៏ធំខុសច្បាប់នៅស្រុកបាទី គ្រោងនឹងបើកសម្ពោធនៅថ្ងៃ ២៧ កញ្ញាហើយ

ចែករំលែក៖

 

ខេត្តតាកែវ៖ ភាពល្បីល្បាញរបស់សង្វៀនជល់មាន់ខុសច្បាប់ដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិត្រពាំងលើក ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានប្រកាសឲ្យចូលរួមសម្ពោធឲ្យនៅថ្ងៃពុធ ទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះដើម្បីអបរអសារទការសាងសង់សង្វៀនជល់មាន់ខុសច្បាប់បានជោគជ័យ។

ប្រភពច្បាស់ការពីសង្វៀនជល់មាន់បានឲ្យដឹងថា ក្រោយពីបានបញ្ចប់ការសាងសង់សង្វៀនជល់មាន់ខាងលើនេះអស់រាប់ម៉ឺនដុលាររួចមក នៅថ្ងៃខែខាងលើ នឹងបើកឲ្យមានការចូលរួមអបអរសាទរ និងបើកឲ្យជល់មាន់ស៊ីសងដ៏ធំៗបំផុតនៅថ្ងៃបើកសម្ពោធដំបូង នូវការទទួលភាពជោគជ័យ នៃការប្រព្រឹត្តិល្បែងខុសច្បាប់នៅកណ្តាលនាខេត្តតាកែវ ។

ប្រភពច្បាស់ការដដែលបានឲ្យដឹងទៀតថា អ្នកដែលត្រូវចូលរួមមានអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តតាកែវទាំងមូល ជាពិសេសក្រុមអ្នកមានប្រាក់មានអំណាច ដែលចូលចិត្តល្បែងជល់មាន់នេះ ត្រូវចូលរួមជាដាច់ខាតដើម្បីជល់ស៊ីសងគ្នាក្នុងតម្លៃរាប់ពាន់ដុល្លារក្នុងមួយគូរៗ ។

ដោយឡែកលោក ងាន់ សារ៉ី អធិការស្រុកបាទីបានឲ្យដឹងថា លោកមិនមានពេលវេលាដើម្បីចូលរួមអបអរសាទរសង្វៀនជល់មាន់ខុសច្បាប់ដ៏ធំនៅស្រុករបស់លោកនេះទេ ព្រោះលោកមិនចូលចិត្តហើយក៏មិនយកខ្លួនបៀតជាមួយល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងស្រុករបស់លោកដែរ ហើយលោកទទួលស្គាល់ថា សង្វៀនជល់មាន់ដ៏ធំធ្វើអស់រាប់ម៉ឺនដុល្លារខាងលើ នៅចំណុចខាងលើនេះ គឺពិតជាមានពិតប្រាកដមែន តែលោកមិនបានអនុញ្ញាតនោះទេ ហើយរឿងរ៉ាវសង្វៀនជល់មាន់មួយនេះ លោកបានរាយការណ៍ប្រាប់លោកអភិបាលស្រុកបាទីរួចហើយ ហើយជាពិសេសលោកបានរាយការណ៍ជូនទៅ លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ទើបឡើងកាន់ដំណែងថ្មី ប៉ុន្តែរហូតមកទល់ពេលនេះ ថ្នាក់លើនៅមិនទាន់មានចំណាត់ការបែបណាមកលើសង្វៀនជល់មាន់ដ៏ធំខាងលើនេះទេ រហូតដល់ភាពល្បីល្បាញនៃការបើកសម្ពោធដាក់ឲ្យជល់យ៉ាងគគ្រឹកគគ្រេងពេញមូលដ្ឋានរបស់លោកធ្វើព្រងើយថែមទៀត លោកអធិការរូមនេះបានបញ្ជាក់បន្ថែមទៀតថា សង្វៀនជល់មាន់នេះលឺថាមានអ្នកមានអំណាចនៅភ្នំពេញជាអ្នកបើក ។

បច្ចុប្បន្នសង្វៀនជល់មាន់ដ៏ធំមួយនេះកំពុងដឹកសម្ភារចូលយ៉ាងគគ្រឹកគគ្រេងដើម្បីត្រៀមបើកសម្ពោធនៅថ្ងៃខែខាងលើនេះ ហើយប្រជាពលរដ្ឋកំពុងបើកភ្នែករង់ចាំមើលលោកស្នងការខេត្តតាកែវ ថ្មីចាត់វិធានការ ជាពិសេសលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ៕ ភ្នំដា


ចែករំលែក៖