ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងភ្នាល់កន្ទុយលេខកំពុងរីកដូចផ្សិតនៅក្រុងខេត្តព្រះសីហនុ សមត្ថកិច្ចមិនបង្ក្រាប

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អាជីវករលក់ដូរសម្លៀកបំពាក់ និងលក់គ្រឿងក្រអូបនៅផ្សារលើ ក្នុងសង្កាត់លេខ០៤ក្រុង ខេត្តព្រះសីហនុជាច្រើនតូបសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា សព្វថ្ងៃមុខរបរលក់ដូរសម្លៀកបំពាក់និងលក់គ្រឿងក្រអូបរបស់ពួកគាត់មិនសូវកាក់កបប៉ុន្មានទេ ហើយការចំណាយដើមទុនក្នុងការដាក់ទំនិញតាំងលក់អស់រាប់ម៉ឺនដុល្លារ មានថ្ងៃខ្លះលក់មិនដាច់សោះក៏មាន ការមកលក់ ដូចគ្រាន់តែមកចាំតូបឲ្យបាត់ពីផ្ទះតែប៉ុណ្ណោះ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាសព្វថ្ងៃនៅក្នុងទីប្រជុំជនផ្សារលើមុខរបរដែលពួកគាត់មើលទៅកាក់កបលក់ដូរដាច់មានអតិថិជនចូលទិញយ៉ាងពពាក់ពពូនហើយមិនចាំបាច់ក្នុងការចំណាយដើមទុនធំដុំដោយគ្រាន់តែចំណាយលុយទិញសៀវភៅមួយក្បាលនិងប៉ិចមួយឬពីរដើម យកមកលក់កត់លេខឲ្យអតិថិជនដែលចូលចិត្តភ្នាល់ចាក់កន្ទុយលេខជាការស្រេច ! គឺអាជីវកម្មលក់ឆ្នោតកន្ទយលេខ ។

ពួកគាត់បានខ្សឹបឲ្យដឹងបន្តទៀតថា សព្វថ្ងៃនេះ នៅក្នុងទីប្រជុំជនផ្សារលើ និងផ្សារចិនស្ថិតក្នុងសង្កាត់០៤មានកន្លែងលក់ល្បែងភ្នាល់ដូចបានរៀបរាប់ខាងលើនេះប្រមាណជាង៣០កន្លែង ក្នុងសង្កាត់លេខ០៤ និងលក់នៅខាងមុខផ្សារឧត្តុនិយមក្នុងសង្កាត់លេខ០៣ ផ្សារឃ្លាំងលើខាងមុខបណ្តារោងចក្រក្នុងសង្កាត់លេខ១ក្រុង ខេត្ត ព្រះសីហនុផងដែរ។

ករណីនេះពួកគាត់ចង់សួរថាការបើករបរលក់ដូរល្បែងភ្នាល់ដូចបានរៀបរាប់ខាងលើនេះជាមុខរបរត្រូវ ឬខុសច្បាប់ ? ប៉ុន្តែបើពួកគាត់ធ្លាប់បានចូលរួមប្រជុំនៅក្នុងវេទិកាសាធារណៈ នៅតាមបណ្តាឃុំ សង្កាត់នាពេលកន្លងមក តែងតែលើកយកប្រធានបទនៃការពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល។ ជាពិសេសការពង្រឹង ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពដើមចមនៃអំពើហិង្សាក្នុងគ្រួសារ អំពើរចោរកម្ម ចោរលួច ឆក់ប្លន់។ល។

ប្រភពខាងលើបានបន្ថែមទៀតថា ផ្ទុយទៅវិញកិច្ចការពង្រឹងនៅក្នុងកិច្ចប្រជុំនៃវេទិកាសាធារណ:នៅតាមមូលដ្ឋានឃុំ សង្កាត់នៅក្នុងក្រុងព្រះសីហនុ នាពេលកន្លងមកនោះហាក់បីដូចជាមិនមានប្រសិទ្ធភាពឡើយ អត្ថន័យនិងខ្លឹមសារនៃកិច្ចការពង្រឹងរបស់ថ្នាក់ដឹកនាំគណ:បញ្ជាការឯកភាពក្រុង ខេត្ត ដែលផ្តោតសំខាន់ទៅលើអាជ្ញាធរ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល អធិការនគរបាល នៅតាមក្រុង ស្រុក សាបដូចទឹកទន្លេដោយហេតុថា សមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ស្តីពីបង្ការទុបស្កាត់ និងបង្ក្រាបល្បែងស៊ីសងមិនអនុវត្តតាមខ្លឹមសារកិច្ចប្រជុំនៃវេទិកាសាធារណ:ឡើយ ហើយបច្ចុប្បន្នល្បែងភ្នាល់កន្ទុយលេខក្នុងក្រុង ស្រុកនៃខេត្តព្រះសីហនុកំពុងរីកដូចផ្ការនៃនិទាឃរដូវ។

ប្រភពខាងលើបានដាក់ការសង្ស័យថាមូលហេតុដែលសមត្ថកិច្ចមិន បង្ក្រាបអ្នកលក់ល្បែងភ្នាល់កន្ទុយលេខនៅក្នុងផ្សារលើ និងទីប្រជុំជននានាក្នុងក្រុង ខេត្តព្រះសីហនុសង្ស័យថា សមត្ថកិច្ចជុំនាញពាក់ព័ន្ធកំពុងតែទទួលបានសំណែនយ៉ាងកាក់កបពីអ្នកបើកលក់លេងល្បែងភ្នាល់ខុសច្បាប់ខាងលើក្នុងមួយខែៗបានពេញចិត្តតែម្តងទើបសកម្មភាពល្បែងភ្នាល់ខាងលើដំណើរការបានរលូនយ៉ាងដូចនេះ?

លោកវរ:សេនីយ៍ទោ ភុល ភស្តារអធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងនាពេលកន្លងមកថា បន្ទាប់ពីលោកទទួលបានព័ត៌មានខាងលើលោក ក៏បានឲ្យមន្ត្រីនគរបាលដែលឈរជើងនៅគោលដៅផ្សារលើចុះត្រួតពិនិត្យ ប៉ុន្តែជាលទ្ធផលឆ្លើយតបឲ្យដឹងថា មានតែដាក់លក់ឆ្នោតដែលមានអជ្ញាប័ន (ឆ្នោតកីឡាជាតិ)តែប៉ុណ្ណោះ មិនមានការដាក់លក់ល្បែងភ្នាល់កន្ទុយលេខទេ។

អាជីវករលក់ដូរខាងលើបានរិះគន់ថា ការរាយការណ៍តាមទូរស័ព្ទរបស់មន្ត្រីក្រោមឱវាទបែបភូតកុហក់ គាត់បានបញ្ជាក់ឲ្យដឹងទៀតថា ឆ្នោតកីឡាជាតិអ្នកលក់មានដាក់តាំងលទ្ធផលចេញឆ្នោតកន្លះម៉ោងប្រកាសលទ្ធផលម្តងតាមរយ:ម៉ាស៊ីនដែលបានតភ្ជាប់និងទូរទស្សន៍ឬនៅលើក្តារខៀននៅកន្លែងលក់ឆ្នោតតែម្តង។ តែការរាយកាណ៍ខាងលើវាមិនស៊ីសង្វាក់ទៅនឹងអ្នកលក់ឆ្នោតកីឡាជាតិឡើយ ហើយអ្នកលក់ឆ្នោតកីឡាជាតិនៅក្នុងក្រុង ខេត្តព្រះសីហនុក៏មានចំនួនតិចតួចនៅឡើយដែរ ។ គាត់បានបន្តទៀតថា ការឆ្លើយដោះសារខាងលើក៍ដោយសារតែមន្ត្រី ដែលឈរជើងនៅគោលដៅនោះបានសើមមាត់សើមករពីតូបអ្នកលក់ល្បែងភ្នាល់ទាំងនោះហើយទើបមើលមិនឃើញដូចនេះ។

អាជីវករលក់ដូរខាងលើបានសំណូមពរដល់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុមេត្តាជួយអន្តរាគមន៍ពង្រឹង បទល្មើសដូចបានរៀបរាប់ខាងលើបន្ថែមទៀតដើម្បីឈានដល់ការបំបាត់អំពើហិង្សាក្នុងគ្រួសារករណីចោរលួច ចោរឆក់ ប្លន់ឲ្យកាន់តែបានល្អប្រសើរបន្ថែមទៀតទៅពេលបច្ចុប្បន្ន និងទៅថ្ងៃ អនាគតផង ៕ ឆ្លាម សមុទ្រ


ចែករំលែក៖