ព័ត៌មានទាន់ហេតុការណ៍៖

គោយន្តបើកមិនប្រកាន់ស្ដាំបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀងៈ អ្នកបើកគោយន្តម្នាក់បានរត់គេចខ្លួនភ្លាមៗ ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូពេញទំហឹង ដោយសារបើកបរមិនប្រកាន់ស្តាំ។ ករណីនេះបង្កឲ្យភ្ញាក់ផ្អើលអស់អ្នកជិតខាងនាំគ្នាជួយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវលេខ ៣១៤C ស្ថិតនៅភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលរងគ្រោះមានឈ្មោះ ទេព ណើប អាយុ ២៣ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅ ភូមិ បាសាក់ ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងខណះជិះម៉ូតូម៉ាកស្មាស់ ពណ៏ ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល ១C ០៦២៣ខូចខាតទាំងស្រុង។

ចំណែកអ្នកបើកគោយន្តបង្កហេតុត្រូវបានគេស្គាល់ ឈ្មោះ ម៉ាញ អាយុ ៣០ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ តាជៃ ឃុំ កំពង់ចម្លង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងក្រោយកើតហេតុ បានរត់គេចពីកន្លែងកើតហេតុ បន្សល់តែ គោយន្ដ នៅនិងកន្លែង ។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុគេឃើញមានគោយន្ដ គ្មានផ្លាកលេខ បើកបរ ដោយបុរសម្នាក់ដែលធ្វើដំណើរពីត្បូងទៅជើង មិនប្រកាន់ស្ដាំស្រាប់តែទៅបុកនិងម៉ូតូម៉ាក ស្មាស់ ពណ៌ ខ្មៅ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នាពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងអូសយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រង់ចាំចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖