ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញនៃប្រទេសវៀតណាម បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចវៀតណាម ជួយសង្រ្គោះ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ។
ក្រសួងការបរទេស នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧បានប្រកាសថា ស្ត្រីខ្មែរចំនួន២នាក់ដែលស្ថានអគ្គកុងស៊ុលជួយសង្គ្រោះនោះ ត្រូវបានមេខ្យល់បោកបញ្ឆោតនាំធ្វើដំណើរកាត់តាមប្រទេសវៀតណាម ដើម្បីទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន។
ពួកគេមាន៖ ១-ឈ្មោះ ផ.ផ អាយុ២៩ឆ្នាំ មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង២-ឈ្មោះ ក.ស.គ អាយុ៣៤ឆ្នាំ មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ស្ថានអគ្គកុងស៊ុលកម្ពុជា បានទទួលយកស្រ្តីរងគ្រោះទាំង២នាក់ មកស្នាក់នៅបណ្តោះអាសន្ននៅ ស្ថានអគ្គកុងស៊ុល ផ្តល់អាហារបរិភោគគ្រប់គ្រាន់ ហើយបានជូនដំណើរពួកគេត្រឡប់មកកម្កុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ និងបានប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីបញ្ជូនទៅស្រុកកំណើតវិញ៕ ថាច់ យ៉ាត