ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចស្រុកក្រគរ ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចុះអន្តរាគមន៍សម្របសម្រួល ករណីប្រជាពលរដ្ឋ៤៦គ្រួសារនៅឃុំឈើតុំ នាំគ្នាចាប់យកដីរបស់យោធាក្រសួងអភិវឌ្ឍន៍ជនបទ ។ នេះបើតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ត្រីឯម រុន អធិការនគរបាលស្រុកក្រគរ។
លោក ឯម រុន បានបញ្ជាក់ថា អំពីបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋចំនួន៤៦ គ្រួសារ រស់នៅ ឃុំឈើតុំ ជាមួយ យោធាក្រសួងអភិវឌ្ឍន៍ របស់ក្រសួងការពារជាតិនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៧ និង៣០នាទីព្រឹក រហូតដល់ម៉ោង ១៥ និង០០នាទី នៅចំណុចរោងប៉ោត ស្ថិតនៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្លាំងយោធាក្រសួងអភិវឌ្ឍន៍ ដឹកនាំដោយលោក មាស ម៉មវុទ្ធីមានត្រាក់ទ័រ១គ្រឿង កម្លាំង ២០ នាក់ ឈរជើងនៅទីនោះ បានយកគ្រឿងចក្រទៅរុញរោងប្រជាពលរដ្ឋអស់៨ ខ្នង និងសាលារៀនសហគមន៍១ខ្នង ដែលមានបណ្តោយប្រវែង៨ម៉ែត្រគុណនឹង៧ម៉ែត្រ សង់ពីឈើ ដំបូលប្រក់សង្ក័សី ខូចខាតទាំងស្រុង ។
ប្រភពបន្តថា ក្រោយពីទទួលបានការចង្អុលបង្ហាញរបស់ថ្នាក់លើ លោក(ឯម រុន) បានបញ្ជាឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ សហការជាមួយអាជ្ញាធរឃុំ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីសម្របសម្រួលជាមួយក្រុមយោធា ដើម្បីសុំឲ្យពួកគាត់ផ្អាកសកម្មភាពឈួសឆាយ និងរុះរើរោងរបស់ប្រជាពលរដ្ឋបន្តទៀត រង់ចាំការដោះស្រាយសិន ហើយខាងយោធាក៏បានព្រមព្រៀងឯកភាពតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ។
លោកបន្តថា ការពិតប្រជាពលរដ្ឋទាំង៤៦គ្រួសារនេះនៅឃុំឈើតុំបាននាំគ្នាទៅចាប់យកដីរបស់យោធា ក្រសួងអភិវឌ្ឍន៍នៅតំបន់នោះទើបបណ្តាលឲ្យមានករណីនេះកើតឡើង ៕ ប៉ឹម ពិន