ភ្នំពេញ៖បុរសចុងភៅជនជាតិចិន ដែលពាក់ព័ន្ធករណីប៉ុនប៉ងកាប់មេធាវីម្នាក់និងកាប់រថយន្តមេធាវី ព្រោះតែខឹងរឿងចតឡានមុខហាងលក់ដូរ ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ កាលពីល្ងាចថ្ងៃទី០៤ ខែតុលា ។
មន្ត្រីតុលាការបានឱ្យដឹងថា បុរសជនជាតិចិនឈ្មោះ យី ជៀនលី អាយុ៤៧ឆ្នាំ ត្រូវឃាត់ខ្លួនក្នុងហេតុការណ៍ ពាក់ព័ន្ធប្រើអំពើហិង្សា យកកាំបិតប៉័ងតោកាប់រថយន្តនិងប៉ុនប៉ងកាប់ជនរងគ្រោះ កាលពីល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ក្នុងខណ្ឌ៧មករា។ រីឯជនរងគ្រោះឈ្មោះ អិន តារា អាយុ៤១ឆ្នាំ មុខរបរជាមេធាវី មានទីលំនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុ រៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុជនរងគ្រោះបានជិះរថយន្តចេញពី តុលាការ ក្នុងគោលបំណងទៅផ្ទះ ហើយបានបើករថយន្តទៅឈប់មុខស្នាក់ការ មេធាវីដែលជាមិត្តភក្ដិនៅផ្លូវខាងក្រោយនោះ។
សាក្សីប្រាប់សមត្ថកិច្ចទៀតថា ពេលរថយន្តជនរងគ្រោះ ទៅឈប់សំចតមុខស្នាក់ការមេធាវី បានជ្រុលលយរថយន្តពាក់កណ្តាល ចូលមុខហាងលក់សាច់អាំង របស់បុរសជនជាតិចិន តែរថយន្តមិនទាន់បានពន្លត់ម៉ាស៊ីនទេ ហើយអ្នកបើកបរក៏មិនទាន់បានចុះចេញដែរ។ ពេលនោះគេបានឃើញបុរសជនជាតិចិន មានកាន់ប៉័ងតោនៅដៃ ដែលទំនងកាន់កាប់សាច់អាំងលក់ បានដើរសំដៅទៅដេញរថយន្ត ជនរងគ្រោះនោះមិនឱ្យចត ដោយនិយាយជាភាសាចិន គ្មានអ្នកណាចេះស្តាប់ ស្រែកឡូឡាច្រង៉េងច្រង៉ាងធ្វើឱ្យមានការភ្ញាក់ផ្អើល។
ទង្វើនិងសកម្មភាពរបស់ជនជាតិចិននោះ អ្នកបើកបរមិនបានចេញពីក្នុងរថយន្តទេ ហើយក៏មិនទៅណាដែរ គិតតែពីនិយាយទូរស័ព្ទ ក្នុងរថយន្តនោះ។ ទំនងដោយសារភាពរឹងរុះពីសំណាក់អ្នកច្បាប់ មិនបើករថយន្តចេញពីមុខហាងលក់ដូរ បានធ្វើឱ្យចុងភៅជនជាតិចិនម្នាក់នោះខឹងកាន់ តែខ្លាំង ដាច់ចិត្តប្រើកាំបិតប៉័ងតោកាប់កង់ និងកាប់ក្រោយរថយន្តខាងក្រោយបណ្តាលឱ្យកំពិត និងរលាត់ឆ្កូតថ្នាំតិចតួច។ បន្ទាប់មកគេបាន ឃើញកម្លាំងសមត្ថកិច្ច ទៅអន្តរាគមន៍ និងឃាត់ខ្លួនជនជាតិចិននាំទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ៕ ចេស្តា