ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញពស់ថ្លាន់មួយក្បាល ដែលមានទម្ងន់ជាង២០គីឡូក្រាមបានលូនចូលក្នុងបន្ទប់ជួលនារីម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីកាលពីវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋខាងលើនោះបាននិយាយថា ពស់ថ្លាន់១ក្បាលនោះ មានទំហំដងខ្លួនប៉ុនកជើងមនុស្សចាស់ និងប្រវែងប្រហែលជាង៣ម៉ែត្រ និងទម្ងន់ប្រមាណ២០គីឡូក្រាមឡើង ហើយមិនដឹងថាពស់នេះបានលូនចូលទៅក្នុងបន្ទប់ជួលនោះតាំងពីពេលណាឡើយ ហើយនៅក្នុងបន្ទប់នោះមានកម្មការិនីម្នាក់ស្នាក់នៅម្នាក់ឯង។ ដោយនៅមុនពេលមានការភ្ញាក់ផ្អើលកើតឡើង មានកំប៉ុងមួយជ្រុះមកលើឥដ្ឋការ៉ូ ខណៈធ្វើឲ្យនាងភ្ញាក់ពីដំណេក ដោយមានការងឿងឆ្ងល់នាងកម្មការិនីម្នាក់នោះ ក៏បានបើកភ្លើងមើលក៏បានប្រទះឃើញពស់ថ្លាន់១ក្បាលនេះស្ថិតនៅក្នុងបន្ទប់តែម្តង។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះនាងកម្មការិនីខាងលើបានស្រែកឆោឡោ និងរត់ចេញពីក្នុងបន្ទប់ទាំងការភិតភ័យតក់ស្លុត ឲ្យអ្នកជិតខាងជួយដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងព្រឹកតែម្ដង ពេលនោះអ្នកជិតខាងបាននាំគ្នាទៅមើលគ្រប់ៗគ្នា ហើយម្ចាស់ផ្ទះជួលបានទៅទាញពស់នោះចេញពីបន្ទប់ដែរ តែទាញមិនឈ្នះទេ។ បន្ទាប់មកពស់បានលូនឡើងទៅលើដំបូលបន្ទប់ជួលពីបន្ទប់មួយទៅកាន់បន្ទប់មួយទៀត ដោយមិនបានលូនចេញទៅកន្លែងណាផ្សេងទៀតឡើយ បន្ទាប់មកគេបានរាយការណ៏ជូនអាជ្ញាធរភូមិ ដើម្បីរាយការណ៍បន្តទៅកាន់អាជ្ញាធរសង្កាត់ និងខណ្ឌឲ្យចាប់ពស់នេះយកទៅរក្សាទុករង់ចាំប្រគល់ជូនបន្តទៅឲ្យខាងក្រុមអភិរក្សសត្វព្រៃ មន្រ្តីរដ្ឋបាលព្រៃឈើ យកទៅដាក់នៅសួនសត្វ ប៉ុន្តែរហូតដល់វេលាថ្ងៃត្រង់ថ្ងៃដដែលនោះនៅមិនទាន់ឃើញមានមន្រ្តីណាម្នាក់ទៅចាប់ពស់នោះចេញនៅឡើយទេ៕ សុខាសែនជ័យ