ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយខ្មាន់កាំភ្លើងម្នាក់ដែលជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបាញ់សម្លាប់បុរសម្នាក់ដែលគេអះអាងថាសន្តិសុខប្រចាំនៅរោងចក្រមួយកន្លែងបណ្ដាលឲ្យស្លាប់នៅក្នុងថ្លក់ឈាមយ៉ាងអាណោចអាធម៌ ។
ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នៅចំណុចភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចជំនាញថ្លែងថា ជនរងគ្រោះមានឈ្មោះ ជ័យ ប៊ុនថន អាយុ៥០ឆ្នាំមានមុខរបរសន្ដិសុខផ្សារស្ទឹងមានជ័យចាស់ មានទីលំនៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ដោយឡែកជនសង្ស័យមានឈ្មោះ សាន្ដ បូរី អាយុ៣៨ឆ្នាំមុខរបរមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងមានទីលំនៅផ្ទះលេខ៣១២ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បើតាមសាក្សីឈ្មោះ រិន វ៉េត អាយុ៥១ឆ្នាំមុខរបរប្រធានសន្ដិសុខឯកជនបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចូលមកផឹកតាំងពីម៉ោង២រសៀលដែលមានគ្នា៣នាក់ផឹកអស់ស្រាបៀរ២កញ្ច្រែង រហូតមកដល់វេលាម៉ោងកើតហេតុជនរងគ្រោះបានសុំម្ចាស់ហាងច្រៀង ដោយឡែកជនសង្ស័យបានអង្គុយផឹកតុផ្សេងដោយមានគ្នា២នាក់ នៅក្នុងពេលជនរងគ្រោះកំពុងច្រៀងក៏បានទាស់ពាក្យសម្ដីជាមួយជនសង្ស័យដោយមិនដឹងមូលហេតុ ស្រាប់តែពេលនោះគ្នាជនសង្ស័យម្នាក់បានត្រលប់ទៅផ្ទះវិញបាត់ ដោយជនសង្ស័យដើរទៅក្រោយផ្ទះមួយសន្ទះជនសង្ស័យបានកាន់កាំភ្លើងដើរមកវិញនៅកន្លែងផឹកស៊ី ស្រាប់តែជនរងគ្រោះបាននិយាយថា កាន់កាំភ្លើងមកធ្វើអ្វីយើងសុទ្ធតែមន្ដ្រីរាជការដូចគ្នាទេ ភ្លាមៗនោះបងប្អូនជនសង្ស័យលួងឲ្យត្រលប់ទៅក្រោយផ្ទះវិញបាត់ទៅ ក្រោយមក២០នាទីជនរងគ្រោះបាននិយាយថា ផឹកស៊ីកាន់កាំភ្លើងច្រងេងច្រងាង ស្រាប់តែពេលនោះជនសង្ស័យបានកាន់កាំភ្លើងមកម្ដងទៀតដោយជនរងគ្រោះបានស្ទុះទៅចាប់កាំភ្លើងបណ្ដាលឲ្យជនសង្ស័យបាញ់ទៅលើជនរងគ្រោះចំនួន៣គ្រាប់បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមមួយរំពេច ភ្លាមៗនោះជនសង្ស័យត្រូវបានអ្នកផឹកស៊ីជាមួយគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យធ្វើការសាកសួរចាប់ការតាមផ្លូវច្បាប់ ។
នៅក្នុងហេតុការណ៍បាញ់សម្លាប់នោះសមត្ថកិច្ចដកហូតបាន
១.កាំភ្លើងខ្លីមួយដើម (ម៉ាក រ៉ូឡូ)
២.គ្រាប់ចំនួន០៥គ្រាប់
៣.សំបកគ្រាប់ចំនួន០៣
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាតស្ទឹងមានជ័យ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញកោសល្យវិច័យចុះមកពិនិត្យរួចប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ