គេរាយការណ៍ថា យ៉ាងតិចមនុស្ស៣០នាក់បានស្លាប់ ករណីវាយប្រហារគ្រាប់បែកនៅទីក្រុង Mogadishu ប្រទេសស៊ូម៉ាលី នៅទីតាំងមួយដែលដេរដាស់ដោយមនុស្សចុះឡើង។
កាសែតប៊ីប៊ីស៊ីបានផ្សាយកាលពី៨ម៉ោងមុននេះថា មនុស្សច្រើននាក់ផ្សេងទៀតបានរងរបួស ក្រោយពីរថយន្តដឹកទំនិញមួយគ្រឿងបង្ក្រប់ដោយគ្រាប់បែកបានផ្ទុះនៅជិតផ្លូវចូលទៅកាន់សណ្ឋាគារមួយ។
លោកប៉ូលិសបានថ្លែងថា មនុស្ស២នាក់ទៀតក៏បានស្លាប់ក្នុងអំពើវាយប្រហារលើកទី២ ស្ថិតនៅខណ្ឌ Madina ទីក្រុងដដែលខាងលើនោះដែរ ហើយគេមិនទាន់ដឹងថា ពីណាគេជាអ្នកវាយប្រហារនោះទេ។
តាមសេចក្តីរាយការណ៍របស់កាសែតខាងលើថា ទីក្រុង Mogadishu មួយនេះ ជាញយដងណាស់តែងតែរងការវាយប្រហារពីក្រុម al-Shabab ដែលភ្ជាប់ទំនាក់ទំនងជាមួយក្រុមភេរវកម្ម al-Qaeda។ ក្រុមនេះហើយកំពុងប្រយុទ្ធប្រឆាំងជាមួយរដ្ឋាភិបាល។
លោក Mohamed Hussein ស្នងការប៉ូលិស បានថ្លែងប្រាប់ភ្នាក់ងារកាសែតរ៉យទ័រថា «វាជាការបំផ្ទុះគ្រាប់បែករថយន្តប្រភេទអាត្រាក់មួយគ្រឿង ។ មានអ្នកស្លាប់ ប៉ុន្តែយើងមិនអាចដឹងចំនួនពិតប្រាកដនៅឡើយ ខណៈទីតាំងកើតហេតុភ្លើងកំពុងឆេះ»។ សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកប្រាប់ភ្នាក់ងារកាសែតប៊ីប៊ីស៊ីថា ប្រាកដណាស់ថា មនុស្សច្រើននាក់ស្លាប់។
ភ្នាក់ងារប៊ីប៊ីស៊ីរាយការណ៍ថា សណ្ឋាគារ Safari រងការបាក់រលំ ជាប់គាំងមនុស្សនៅក្រោមគំនរថ្មបាក់បែក។ Muhidin Ali ពលរដ្ឋរស់នៅទីក្រុង Mogadishu និយាយប្រាប់ភ្នាក់ងារកាសែត AFP ថា «ផ្ទុះអីក៏ធំយ៉ាងនេះ ខ្ញុំមិនដែលឃើញទេតាំងពីមុនមក ខ្ទេចខ្ទីតំបន់ទាំងមូលតែម្តង» ៕ ថាច់ យ៉ាត