ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងម្នាក់ជានគរបាលព្រហ្មទណ្ឌក្រុងកម្រិតស្រាល បាញ់សម្លាប់សន្តិសុខផ្សារស្ទឹងមានជ័យចាស់ចំនួន៣គ្រាប់ស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយខ្មាន់កាំភ្លើងម្នាក់ដែលជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបាញ់សម្លាប់បុរសម្នាក់ដែលគេអះអាងថាសន្តិសុខប្រចាំនៅរោងចក្រមួយកន្លែងបណ្ដាលឲ្យស្លាប់នៅក្នុងថ្លក់ឈាមយ៉ាងអាណោចអាធម៌ ។

ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នៅចំណុចភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចជំនាញថ្លែងថា ជនរងគ្រោះមានឈ្មោះ ជ័យ ប៊ុនថន អាយុ​៥០ឆ្នាំមានមុខរបរសន្ដិសុខផ្សារស្ទឹងមានជ័យចាស់ មានទីលំនៅភូមិទ្រា១ សង្កាត់ស្ទឹង​មានជ័យ ខណ្ឌមានជ័យ ។​

ដោយឡែកជន​សង្ស័យ​មានឈ្មោះ សាន្ដ បូរី អាយុ៣៨ឆ្នាំមុខ​របរមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុង​មានទីលំនៅផ្ទះលេខ៣១២​ ភូមិ​ទ្រា១ សង្កា​ត់​​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ​។

បើតាមសាក្សីឈ្មោះ រិន វ៉េត​ អាយុ៥១ឆ្នាំមុខ​របរប្រធានសន្ដិសុខឯកជន​​បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចូលមកផឹកតាំងពីម៉ោង២រសៀលដែលមានគ្នា៣នាក់​ផឹកអស់ស្រាបៀរ២កញ្ច្រែង ​រហូតមកដល់វេលាម៉ោងកើតហេតុ​ជនរងគ្រោះបានសុំម្ចាស់ហាងច្រៀង ដោយឡែកជនសង្ស័យបានអង្គុយផឹកតុ​ផ្សេងដោយមានគ្នា២នាក់ នៅក្នុងពេលជន​រងគ្រោះ​កំពុងច្រៀងក៏បានទាស់ពាក្យសម្ដីជា​មួយជនសង្ស័យដោយមិនដឹងមូលហេតុ ស្រាប់តែពេលនោះគ្នាជនសង្ស័យម្នាក់បានត្រលប់ទៅផ្ទះវិញបាត់ ដោយជនសង្ស័យដើរទៅ​ក្រោយផ្ទះ​មួយសន្ទះជនសង្ស័យបានកាន់​កាំភ្លើងដើរមកវិញនៅកន្លែងផឹកស៊ី ស្រាប់តែ​ជនរងគ្រោះបាននិយាយថា កាន់កាំភ្លើងមកធ្វើ​អ្វីយើងសុទ្ធតែមន្ដ្រីរាជការដូចគ្នាទេ ភ្លាមៗ​នោះ​បងប្អូន​ជនសង្ស័យលួងឲ្យត្រលប់​ទៅ​ក្រោយ​ផ្ទះ​វិញបាត់ទៅ ក្រោយមក២០នាទី​ជនរងគ្រោះបាននិយាយថា ផឹកស៊ីកាន់កាំភ្លើង​ច្រងេង​ច្រងាង ស្រាប់តែពេលនោះជន​សង្ស័​យបានកាន់កាំភ្លើងមកម្ដងទៀតដោយជនរងគ្រោះបានស្ទុះទៅចាប់កាំភ្លើងបណ្ដាលឲ្យជនសង្ស័យបាញ់ទៅលើជនរងគ្រោះចំនួន៣គ្រាប់បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមមួយរំពេច ភ្លាមៗនោះជនសង្ស័យត្រូវ​បាន​អ្នកផឹកស៊ីជាមួយគ្នាចាប់ប្រគល់ឲ្យ​សមត្ថ​កិច្ចប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យធ្វើការសាកសួរចាប់ការតាមផ្លូវច្បាប់ ។

នៅក្នុងហេតុការណ៍បាញ់សម្លាប់នោះសមត្ថកិច្ចដកហូតបាន​
១.កាំភ្លើងខ្លីមួយដើម (ម៉ាក រ៉ូឡូ)
២.គ្រាប់ចំនួន០៥គ្រាប់
៣.សំបកគ្រាប់ចំនួន០៣
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាតស្ទឹងមានជ័យ ដោយឡែកសាកសពជនរងគ្រោះត្រូវបាន​សមត្ថកិច្ចជំនាញកោសល្យវិច័យចុះមកពិនិត្យរួចប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ

 


ចែករំលែក៖