ខេត្តកណ្ដាល៖ ម្ដាយ-កូន២នាក់ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងធ្វើការបង្រ្កាបចាប់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង២នាក់ខាងលើនេះកំពុងធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ហៀប ឈន ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ត្រូវជាម្ដាយ) រីជនសង្ស័យម្នាក់ទៀតឈ្មោះ ស៊ុត សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូន) ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងប្រតិបត្ដិការបង្រ្កាបចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១កញ្ចប់ធំ និងឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
ប្រភពដដែលបានឲ្យដឹងថា ជនសង្ស័យម្ដាយ-កូនខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដឃុំស្វាយប្រទាល កន្លងមកសមត្ថកិច្ចបានតាមដានជាយូរមកហើយ លុះរហូតមកដល់វេលាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលព័ត៌មានច្បាស់ការថា មានមុខសញ្ញាខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅក្នុងភូមិចុងកោះគរ ភ្លាមនោះសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានសុំការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាអាជ្ញាអមសាលាដំបូងខេត្ដ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្វាយប្រទាលបានចុះទៅដល់លំនៅដ្ឋានជនសង្ស័យឈ្មោះ ហៀប ឈន ធ្វើការឆែកឆេររហូតរកថ្នាំញៀនចំនួន១កញ្ចប់ធំ និងឧបករណ៍សំរាប់វេចខ្ចប់ប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំង២នាក់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ុត សុជាតិ បានសារភាពថា ថ្នាំញៀនខាងលើនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទៅទិញពីជនមិនស្គាល់អត្ដសញ្ញាណម្នាក់ ក្នុង១កញ្ចប់ធំតម្លៃ២០ម៉ឺនរៀល នៅចំណុចវាលខ្សាច់ រាជធានីភ្នំពេញ ដើម្បីយកឲ្យម្តាយរបស់ខ្លួនឈ្មោះ ហៀប ឈន លក់បន្ដ ។ ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ