ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រពូយៀន(ខេមបូឌា)អេនធើប្រាយផ្ទុះការតវ៉ាទាមទារលក្ខខណ្ឌការងារ

ចែករំលែក៖

ភ្នំពេញ ៖ កម្មករ កម្មការិនីជាង២០០០នាក់ ដែលបម្រើការងារនៅរោងចក្រផលិតស្បែកជើង ពូ យៀន(ខេមបូឌា)អេនធើប្រាយ បានផ្ទុះការតវ៉ាទាមទារឲ្យថៅកែរោងចក្រគោរពតាមលក្ខខណ្ឌការងារចាស់២ចំណុ ចដែលក្រសួងបានដាក់ចេញ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅទីតាំងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្តីកម្មករម្នាក់បានឲ្យដឹងថា រោងចក្រផលិតស្បែកជើង យីហោ ពូ យៀន អតីតរោងចក្រ LA មានកម្មករសរុបជាង២០០០នាក់ បម្រើការងារ ក្នុងក្រុមហ៊ុនខាងលើ និងអនុវត្តន៍តាមកិច្ចសន្យា រវាងនាយកក្រុមហ៊ុន ជាមួយកម្មករ ទៅតាមលក្ខខណ្ឌការងារ ដែលក្រសួងបានដាក់ចេញ ក្នុងកិច្ចសន្យា ១ឆ្នាំម្តង ក៏ប៉ុន្តែមកដល់ថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ភាគីខាងរោងចក្រ ហៅកម្មករម្នាក់ម្តងៗ ទៅធ្វើកិច្ចសន្យា ក្នុងគោលបំណងជម្រុញបង្ខំឲ្យកម្មករធ្វើលក្ខខណ្ឌ កិច្ចសន្យាជាមួយក្រុមហ៊ុនត្រឹម៣ខែម្តងវិញ ទើបកម្មករទាំងអស់មិនអាចទទួលយកបាន ។

ពួកគាត់បន្តទៀតថា កម្មករខ្លះគាត់បម្រើការងារ ក្នុងរោងចក្រខាងលើនេះអស់រយៈពេល ១ឆ្នាំ ខ្លះ៣ឆ្នាំ ហើយកិច្ចសន្យារវាងក្រុមហ៊ុនជាមួយកម្មករទៀតសោត ១ឆ្នាំធ្វើម្តង បែរជាមកដល់ពេលនេះ ខាងរោងចក្រ បង្ខំឲ្យកម្មករធ្វើកិច្ចសន្យាថ្មី ៣ខែម្តងទៅវិញ បានសេចក្តីថា ពីកម្មករពេញសិទ្ធិ មកឲ្យធ្វើជាកម្មករបណ្តែត រាល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ខាងក្រុមហ៊ុនលុបចោលទាំងអស់ ។

បាតុភាពក្រុមហ៊ុនកែប្រែលក្ខខណ្ឌការងារ កិច្ចសន្យារបស់កម្មករខាងលើ ធ្វើឲ្យកម្មករមិនអាចទទួលយកបាន កិច្ចសន្យានេះផ្ទុយស្រឡះ ពីលក្ខខណ្ឌការងារ ដែលក្រសួងដាក់ចេញ ទើបកម្មករ កម្មការិនីផផ្ទុះការតវ៉ាឡើង ដើម្បីសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាក្រសួងការងារជួយរកដំណោះស្រាយឲ្យពួកគាត់ផង ។

ក្រោយពីកម្មករផ្ទុះការតវ៉ា ធ្វើកូដកម្ម ទូទាំងរោងចក្រ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ថៅកែរោងចក្របានព្យាយាម ហៅកម្មករមួយចំនួន ចូលទៅសម្របសម្រួលស្ងាត់ៗ ជាលក្ខណៈបុគ្គល តែត្រូវបានកម្មករច្រានចោលទាំងអស់ ទើបរហូតមកដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ កម្មករជាង២០០០នាក់ នៅបន្តធ្វើកូដកម្មដដែល ទាមទារលក្ខខណ្ឌចំនួន២៖

ទី១ សូមឲ្យក្រុមហ៊ុនរក្សានូវកិច្ចសន្យា លក្ខខណ្ឌការងារ ១ឆ្នាំម្តង ឲ្យនៅដដែល ។

ទី២ រយៈពេលកម្មករធ្វើកូដកម្ម ដោះស្រាយមិនទាន់ចេញ ខាងក្រុមហ៊ុនមិនត្រូវកាត់លុយឡើយ ។

អស់រយៈពេលពេញមួយព្រឹកទៅហើយ គេមិនទាន់ឃើញអាជ្ញាធរខណ្ឌសែនសុខ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធមកជួយរកដំណោះស្រាយជួនពួកគាត់នៅឡើយទេ។

ចំណែកកម្មករនៅតែបន្តធ្វើកូដកម្មដដែល ដោយមិនព្រមចូលធ្វើការនោះទេ លុះត្រាណាតែការទាមទាររបស់ពួកគាត់មានដំណោះស្រាយ៕
តុង សីហា


ចែករំលែក៖