ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច៣ដង ឆក់លើកទី៤ ប៉ះថ្ងៃស៊យធ្លាក់ពីលើម៉ូតូពលរដ្ឋចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ដែលតែងតែធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងឆក់កាបូប ក្នុងរាជធានីភ្នំពេញជាច្រើនលើកច្រើនសារបានសម្រេច ចុងក្រោយអស់លក្ខណ៍ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យមានគ្នា៤នាក់ ជិះ​ម៉ូតូ​ចំនួន២​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពីស្ត្រី​ជនជាតិ​បរទេស​២​នាក់ ​មិន​បាន​សម្រេច បណ្តាល​ឲ្យ​ធ្លាក់​ជនសង្ស័យ​ម្នាក់ភ្លាមនោះ ប្រជាពលរដ្ឋនាំគ្នាចាប់ក្របួចជាប់​ វាយ​មួយ​ដៃ​មួយ​ជើងឡើងទ្រមខ្លួន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការតាមច្បាប់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ស្ថានីយប្រេងសាំង ស៊ូ​គី​មិច តាម​បណ្តោយ​ផ្លូវ​លេខ២៤០កែង​ផ្លូវលេខ៥១ ​ភូមិ៤ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះឈុន លាងពុទ្ធា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ រីឯ​អ្នក​ឌុ​ប​វិញ​ មានឈ្មោះ អា​ឆៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ខណ្ឌ​ច្បារ​អំពៅ រត់គេច​ខ្លួន មានបក្ខពួកចំនួន៣នាក់ទៀត ជិះម៉ូតូរត់គេចខ្លួនបាត់ នៅពេលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃហើយដួលម៉ូតូនោះ។

ជនរងគ្រោះ ឈ្មោះមិនស្គាល់ ភេទស្រី អាយុប្រហែល៣០ឆ្នាំ ជនជាតិបរទេសស្បែកស មិនបានដាក់ពាក្យបណ្តឹងនោះទេ បន្ទាប់ពីដណ្តើមបានទូរស័ព្ទដៃរបស់ខ្លួនវិញ។

​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​នៅ​ន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះជា​ស្ត្រី​ជនជាតិ​ស្បែក​ស​២​នាក់ កំពុង​តែ​ដើរ​ចុច​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ដើរមក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាបតែ​លេចមុខ​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មួយ​គ្រឿង​ម៉ាក Nex ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាក Click មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ស្ត្រី​រង​គ្រោះ​អត់​បាន​សម្រេច ដោយសារ​តែ​ជន​រង​គ្រោះ​បាន​ទាញ​យក​មក​វិញ ធ្វើ​ឲ្យ​រអិល​ដួល​ធ្លាក់​ជនសង្ស័យ​ជា​អ្នក​ឆក់​ពីលើ​ម៉ូតូ ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ ចំណែកឯ​បក្ខពួក​របស់​ជនសង្ស័យ​ជា​អ្នក​បើក​ម៉ូតូ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយសាក​សួររួច​ ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកធ្លាប់ធ្វើសកម្មភាពឆក់ជាច្រើនលើកក្នុងរាជធានីភ្នំពេញ ដោយខ្លួន​ មិនមែន​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​នោះ​ទេ គឺ​ម៉ូតូបក្ខពួកជិះម៉ូតូ Nex ជា​អ្នក​ឆក់ ប៉ុន្តែ​កន្លង​មក ​គេ​ធ្លាប់​បាន​ធ្វើ​កម្ម​ភាព​ឆក់​ចំនួន​៣​ដង លើក​ទី​១ នៅ​ម្តុំ​សាលា​បឹង​កេងកង ឆក់​ទូរស័ព្ទ​ដៃ​ជនជាតិ​បរទេស លើក​ទី​២ ឆក់​នៅ​ម្តុំ​ផ្លូវ​២១៤​កែង​ផ្លូវ​១០៥ ឆក់​ទូរស័ព្ទ​ដៃ និង​លើក​ទី​៣​វិញ ឆក់​នៅ​ម្តុំ​ផ្លូវភ្លោះ​ឆក់​ទូរស័ព្ទ​ដៃ​ដូច​គ្នា ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ស តារា


ចែករំលែក៖