ខេត្តក្រចេះ៖ កម្លាំងកងអាវុធហត្ថខេត្តក្រចេះ បង្រ្កាបបទល្មើសព្រៃឈើលក្ខណៈទ្រង់ទ្រាយធំកាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីភ្នាក់ងារសម្ងាត់បានផ្តល់ព័ត៌មានដល់កម្លាំងកងរាជអាវុធហត្ថថា មានជនជាតិវៀតណាម ឃុបឃិតជាមួយក្រុមហ៊ុនតែងតែលួចដឹកឈើហ៊ុបមូលឆ្លងព្រំដែនកម្ពុជាចូលទៅប្រទេសវៀតណាម។
សមត្ថកិច្ចក្នុងប្រតិបត្តិការនេះបានបញ្ជាក់ថា៖ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានចុះប្រតិបត្តិការដល់ចំណុចកើតហេតុ ដែលមានទីតាំងស្ថិតនៅក្នុងក្រុមហ៊ុន E.N Investment (UTM: 681742_1332159 ) និងចាប់យកវត្ថុតាងបានមួយចំនួន រួមមាន ៖ – ត្រាក់ទ័រចំនួន៤ គ្រឿង រ៉ឺម៉កផ្ទុកឈើមូល ចំនួន ៣ គ្រឿង ( បច្ចុប្បន្នមេព្រៃកំពុងវាស់វែង ) -រថយន្តកែច្នៃ ( ប៉ាកុង )ចំនួន ២គ្រឿង គ្មានផ្ទុកឈើ – គ្រឿងចក្រ និងអាប៊ុល ចំនួន ៤គ្រឿង – ឈើមូលចំនួន ១០០កំណាត់ ( មានមុខកាត់ ៤តឹកបណ្តាយ១០ម៉ែត្រ ) និង
ឃាត់ខ្លួនមនុស្សចំនួន៦នាក់ជាជនជាតិវៀតណាម បញ្ជូនមក ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរតាមនីតិវិធី ។
សមត្ថកិច្ចបន្តថា៖ បច្ចុប្បន្នវត្ថុតាងចាប់យកត្រូវបានការពារដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ចំនួនជាង៣០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ហ៊ល និងលោកវរសេនីយ៍ឯក ឯម សុវណ្ណា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។
ចំណែកជំនាញរដ្ឋបាលព្រៃឈើកំពុងសិក្សានីតិវិធីនៃការបង្រ្កាបនេះ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនវិនិយោគ។
ការបង្ក្រាបនេះ មានទ្រង់ទ្រាយប្រហាក់ប្រហែលកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ខេត្តត្បូងឃ្មុំ បង្ក្រាបនៅចំណុចអូរហុច ស្រុកកែវសីមា ខេត្តមណ្ឌលគិរីផងដែរ៕ សុខ ខេមរា