ភ្នំពេញៈ យុវជនម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកទន្លេមេគង្គក្រោមកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្រោយមកដំណឹងនេះបានដឹងដល់គ្រួសារទើបដឹងថា ជនរងគ្រោះស្លាប់ដោយសារទឹកទន្លេហូរគួចបណ្តាលឲ្យលិចលង់តាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅគ្រាដែលជនរងគ្រោះចុះហែលទឹកទន្លេជាមួយមិត្តភក្តិនៅចំណុចផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ត្រូវទឹកហូរគួចលង់ស្លាប់តែម្តង២ថ្ងៃក្រោយមកទើបឃើញសពជនរងគ្រោះអណ្តែតទៅទើរនៅមាត់ទន្លេក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះមានឈ្មោះ ស្រេង គីមហួយ ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា តាមការបញ្ជាក់ពីមិត្តភក្តិរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទី ជនរងគ្រោះបានចេញពីផ្ទះទៅធ្វើការនៅកំពង់ផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ លុះដល់ម៉ោង១៤និង៣០នាទី ជនរងគ្រោះ និងមិត្តភត្តិបានសំរាកពីការងារ ក៏នាំគ្នាចុះលេងទឹក ហើយពេលកំពុងលេងទឹកនោះ ជនរងគ្រោះក៏ត្រូវទឹកកួចលិចបាត់ រួចមិត្តភត្តិក៏ទូរសព្ទ័បា្រប់ឪពុកម្តាយហើយឪពុកម្តាយក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តីស្រះចក ។
ប្រភពបន្តថា លុះដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៩:០០នាទីព្រឹក សពជនរងគ្រោះបានអណ្តែតមកទើរនៅទន្លេមេគង្គក្រោម ចំណុចកំពង់ដរតាព្រហ្ម ស្ថិតនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ទើបផ្នែកបច្ចេកទេស ចុះទៅពិនិត្យមើលសាកសពមានសភាពហើមស្អុយជ្រីវជ្រួញ លៀនភ្នែក លៀនអណ្តាត បាតដៃ បាតជើងជ្រីវជ្រួញអស់ហើយ ។
តាមការសន្និដ្នានរបស់ផ្នែកបច្ចេកទេសខណ្ឌច្បារអំពៅ ពិនិត្យឃើញថា សាកសពស្លាប់ដោយសារលង់ទឹកពិតបា្រកដមែន ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តឫស្សីស្រស់ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ៕ សណ្តោស