ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅវេលាម៉ោង១៧ល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបភ្ញៀវទេសចរណ៍បរទេស នៅតាមផ្លូវឆ្នេរអូរត្រេះ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ក្រោយកើតហេតុ ត្រូវបានមហាជនស្រែកចោរៗ ភ្លាមៗ នោះ កម្លាំងអន្តរាគមន៏៍ម៉ូតូប្រដេញ បានទាក់ទងគ្នា តាមវិទ្យុទាក់ទង ដេញស្ទាក់គ្រប់ច្រកល្ហក ក្នុងរយៈពេល ប្រមាណជិត២០នាទី បង្ក្រាបបានទាំងស្រុង ដោយចាប់ខ្លួនជនសង្ស័យបានចំនួន២នាក់៖ ១.ឈ្មោះសុខ ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិបត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ (អ្នកបើកម៉ូតូ)។ ២.ឈ្មោះឡេង សុខ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអូរឧកញាហេង ឃុំអូរឧកញាហេង ស្រុកព្រនប់ (អ្នកឆក់) ។
សមត្ថកិច្ចបញ្ជាក់ទៀតថា វត្ថុតាងចាប់យកពីជនសង្ស័យ៖ កាបូបពណ៍ឈាមជ្រូក ១, ទូរស័ព្ទ ២គ្រឿង ម៉ាក I-phone 7 មួយគ្រឿង, ម៉ាស៊ីនថត ១គ្រឿង, ប័ណ្ណធានាគារ ៤ច្បាប់, វ៉ែនតា ១ និងលុយ ៤៦ $ និង ម៉ូតូសេ១២៥ សេរី២០០៥ មួយគ្រឿង (ជាមធ្យោបាយធ្វើសកម្មភាព)។
ប្រភពបន្តថា សម្ភារទាំងនេះត្រូវបានប្រគល់ជូនជនរងគ្រោះវិញរួចហើយ។
ជនរងគ្រោះនៃអំពើឆក់នេះមានគ្នា២នាក់ប្តីប្រពន្ធ ជនជាតិរុស្ស៊ី ជាអ្នកទេសចរណ៍ ឈ្មោះ ១. MALOVA ILIA អាយុ២៩ឆ្នាំ ( ប្តី ) ២. MALOVA PARIA អាយុ២៧ឆ្នាំ ( ប្រពន្ធ ) ជនជាតិរុស្សី ។ នៅពេលធ្វើសកម្មភាពឆក់ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ មានរបួសដៃ ជើង និងមាត់ផងដែរ ។
ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ