ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ខ្លួនស្រ្ដីម្នាក់និងដកហូតថ្នាំញៀនចំនួន៤០កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាលៈ ស្រ្ដីជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងដកហូតថ្នាំញៀនចំនួន៤០កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

ប្រតិបត្ដិចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ៅង១៥និង៤៧នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ យ៉ាន សុខរឿន ភេទ ស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ត្រី មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៤០កញ្ចប់ ។

ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មដែលសមត្ថកិច្ចបានកំណត់និងតាមដានជាយូរមកហើយ តែពុំមានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកទៅលើជនសង្ស័យបានឡើយ លុះរហូតមកដល់វេលាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកទទួលបានព័ត៌មានច្បាស់់ការថា មានសញ្ញាជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមនោះ សមត្ថកិច្ចក៏បានសុំការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលនិងមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ដោយមានការដឹកនាំដោយលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទឹកវិលនិងប៉ុស្ដិ៍នគរបាលព្រែកគយ ចុះបង្រ្កាបឆែកឆេរផ្ទះជនសង្ស័យឈ្មោះ យ៉ាន សុខរឿន បានរកឃើញថ្នាំញៀនចំនួន៤០កញ្ចប់ ឈានដល់ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនចំនួន៤០កញ្ចប់នេះគឺពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទៅទិញពីស្រ្តីម្នាក់មិនស្គាល់ឈ្មោះតម្លៃ ៤០ម៉ឺនរៀល (សែសិបម៉ឺនរៀលគត់) នៅម្តុំវិមានឯករាជ្យ រាជធានីភ្នំពេញ ដើម្បីលក់បន្តក្នុង១កញ្ចប់តូច តម្លៃ ២ម៉ឺនរៀល (ពីរម៉ឺនរៀល) ៕ ស្អាងជ័យ


ចែករំលែក៖