ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីម្នាក់បានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ថាមានករណីចោរប្លន់យកលុយរបស់គាត់អត់១២០០ដុល្លារ ហើយគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោងប្រហែល ២១ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៦៨ EO ផ្លូវ លេខ១១០ ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមពិតគឺជាករណីបំភ្លើសសភាពការណ៍ថា ចោរប្លន់លុយបង្កការភ្ញាក់ផ្អើល ។
ជនអ្នកបំភ្លើសសភាពការណ៍ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៨ Eo ផ្លូវលេខ១១០ ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្ដីឈ្មោះ ង៉ែត ញ៉ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ យាមក្រុមហ៊ុនហនុមាន ស្នាក់នៅផ្ទះលេខ៦៨E0 ផ្លូវលេខ១១០ ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាម្ចាស់លុយ ) ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា មានករណីស្រ្តីម្នាក់ធ្វើសកម្មភាពបំភ្លើសសភាពការណ៍ កាលពីវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ឆ្លៀតពេលប្ដីឈ្មោះ ង៉ែត ញ៉ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មិននៅផ្ទះបានបំភ្លើសសភាពការណ៍ថា ចោរប្លន់យកលុយនៅក្នុងផ្ទះអស់ចំនួន១០០០$ ( មួយពាន់ដុល្លារសហរដ្ឋអាមេរិក ) និង៨០០០០០៛ ( ប៉ែតសិបម៉ឺនរៀល ) ដោយចោទថាមានជនល្មើស២នាក់មកចូលយកកូនកាំបិតភ្ជង់ប្លន់យកលុយខាងលើ ហើយគេចខ្លួនបាត់ ហើយឈ្មោះ ស៊ុន រដ្ឋា បានមកប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ។
តាមការបំភ្លឺអះអាងរបស់ឈ្មោះ ជន បញ្ញារស្មី ភេទប្រុស អាយុ៨ឆ្នាំ (ជាចៅដែលរស់នៅជាមួយឈ្មោះ ស៊ុន រដ្ឋា ជាយាយ ) បានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២:២០នាទីរសៀល ខ្លួនបានឃើញយាយខ្លួនឈ្មោះ ស៊ុន រដ្ឋា ឆ្លៀតពេលជីតាខ្លួនឈ្មោះ ង៉ែត ញ៉ កំពុងតែដេកលក់នៅផ្ទះហើយបានទុកកូនសោហិបដាក់លុយនៅជាប់កង់ ភ្លាមនោះជីដូនខ្លួនឈ្មោះ ស៊ុន រដ្ឋា បាន យកកូនសោហិបយកទៅចម្លងទុកសំរាប់យកលុយជីតារបស់ខ្លួន លុះមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៩:០០នាទីយប់ឆ្លៀត ពេលជីតាខ្លួនទៅយាមជាសន្តិសុខ យាយរបស់ខ្លួនក៏បាន យកកូនសោហិបដែលចម្លងរួចហើយយកលុយចំនួន០២ដុំដាក់នៅក្នុងថង់ពណ៌ខ្មៅ រួចយាយរបស់ខ្លួនឈ្មោះ ស៊ុន រដ្ឋា ក៏យកលុយទៅលាក់ទុកបាត់ រួចយាយក៏មករើកកាយខោអាវនៅក្នុងផ្ទះធ្វើដូច មានចោរចូលប្លន់ ហើយនាំរូបខ្លួនមកទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ថាមានចោរចូល ប្លន់យកលុយ ទើប មានសមត្ថកិច្ចចុះទៅកន្លែងកើតហេតុតែម្ដង ។ នៅក្នុងផ្ទះរបស់ខ្លួនគឺជីតាខ្លួនជាអ្នកទុកដាក់លុយកាក់ និងកូនសោហិបដាក់លុយ ។
បច្ចុប្បន្នស្រ្តីដែលបំភ្លើសសភាពការណ៍ថា ចោរប្លន់លុយនោះ ក្រោយពីសមត្ថកិច្ចស្រាវជ្រាវដឹងច្បាស់ហើយ បានរត់គេចខ្លួនបាត់ ៕ ស តារា