ភ្នំពេញ៖ បុរសចិត្តខ្លាំង៥នាក់ ត្រូនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ខ្លួន ខណៈពួកគេមានទំនាស់វាយគ្នាទៅវិញទៅមកបណ្តាលឲ្យរបួសទាំងសងខាង គ្រាន់តែរឿងកន្លែងដាក់លក់ខ្យង។
ករណីនេះកើតឡើងកាលពីម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចស្ពានថ្មផ្លូវចូលបុរីអង្គរ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ថា ភាគីទីមួយមានឈ្មោះ
១/ ឈួន សុវណ្ណ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ សន្តិសុខឯកជនក្រុមហ៊ុនSSY ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
២/ ឈ្មោះ តូយ ណារិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីផ្នំពេញ។
៣/ ឈ្មោះ សៀង ភឿក ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង
ភាគីទី២មាន៖
១/ ឈ្មោះ ជុំ ចំរើន (ហៅខួច) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២/ឈ្មោះ សាត ឆៃយ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពប្រាប់ទៀតថា៖ ភាគីទំនាស់ទាំង២ ផ្តើមចេញពីរឿងកន្លែងដាក់ខ្យងលក់ ហើយភាគីម្ខាងលក់ដាច់ជាង ក្រោយមកភាគីទី២បានយកខ្យងទៅលក់នៅចំណុចខាងលើ ដាច់ជាងភាគីទី១ ពេលនោះក្រុមសន្តិសុខដែលជាបងប្អូនភាគីទី១ បានប្រាប់ទៅខាងភាគីទី២ថាឈប់យកខ្យងមកលក់នៅទីនោះទៀត។ លុះដល់ព្រលប់កើតហេតុ ស្រាប់តែភាគីទី២ ខឹងក៏ជិះម៉ូតូដឹកប្រពន្ធទៅមើលកន្លែងលក់ខ្យងទៀត ស្រាប់តែភាគីទី១ឃើញក៏ដើរទៅក្របួចកអាវរករឿងគ្នាទៅវិញទៅមក និងហៅបក្ខពួកមករៀងៗខ្លួន បង្កហិង្សារងរបួសទាំងសងខាងតែម្តង។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់ខ្លួនបានបន្តបន្ទាប់ចំនួន៥នាក់ យកមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ ៕ តុង សីហា