ភ្នំពេញ៖លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៤ ខែតុលា នេះ ប្តឹងលោក លឺ ឡាយស្រេង ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងបរិហារកេរ្តិ៍សម្តេចតេជោ ថា បានឱ្យប្រាក់មន្ត្រីគណបក្សហ្វ៊ុនស៊ិនប៊ិចម្នាក់ពីរម៉ឺនដុល្លារអាមេរិក ។
ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយតំណាងកម្មករ ដែលជាប្រធានក្រុម ប្រធានផ្នែក រដ្ឋបាល និងជំនួយការសរុបប្រមាណ៤០០០នាក់ មកពីរោងចក្រចំនួន១១ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ សម្តេចតេជោប្រកាសថា សម្ដេចនឹងប្ដឹងលោក លឺ ឡាយស្រេង ដែលនិយាយបានប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើឱ្យសម្ដេចមិនអាចទទួលយកបាននោះទេ។ ទន្ទឹមនឹងការប្រកាសប្ដឹងរឿងប្រមាថព្រះចេស្តាព្រះមហាក្សត្រនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍សម្ដេចថា ឱ្យមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់ពីរម៉ឺនដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា “ដំបូងខ្ញុំចង់និយាយពីលោក លឺ ឡាយស្រេង បន្ដិចឯកឧត្តម ហួសហេតុពេកហើយ ការប្រមាថចំពោះព្រះមហាក្សត្រ ប្រៀបព្រះអង្គទៅជាមាន់គ្រៀង គឺជារឿងធ្ងន់ធ្ងរពេកហើយ ជាការប្រមាថធ្ងន់ធ្ងរណាស់ លោកជំទាវ គី លំអង មិនបាច់ព្រួយទេ គឺ លឺ ឡាយស្រេង…ខ្ញុំក៏កំពុងពិនិត្យថាតើប្ដឹង ឬមិនប្ដឹង ប៉ុន្ដែលទ្ធភាពភាគច្រើនខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង ដោយបានចោទខ្ញុំថាបានគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់២ម៉ឺនដុល្លារ ចឹងក្រៅពីសម្ដេចក្រុមព្រះប្ដឹង ខ្ញុំនូវមានលទ្ធភាពប្ដឹង លឺ ឡាយស្រេង…ចឹងសូមមេធាវីរបស់ខ្ញុំរៀបចំពិនិត្យមើល ខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង។
មន្ត្រីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្លែងថា លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកកហើយ នៅវេលាម៉ោង៦៖១០នាទីព្រឹកថ្ងៃទី២៣ ខែតុលា តាមជើងហោះហើរ Bangkok Air PG 938 ដោយនៅពេលនេះ បានដល់ទឹកដី ទីក្រុងបាងកកហើយ៕ ចេស្តា