ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាមម្នាក់លួចទ្រព្យសម្បត្តិអ្នកដទៃត្រូវគេប្តឹងឲ្យនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីមន្រ្តីជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា នាពេលកន្លងមក ទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋស្ទើររាប់មិនអស់ ពាក់ព័ន្ធករណីយុវជនម្នាក់ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិយ៉ាងសកម្មដោយមិនរើសមុខ ប៉ុន្តែមិនទាន់យកជាផ្លូវការ ទើបតែពេលនេះ មានពលរដ្ឋ៣នាក់បានមកដាក់ពាក្យបណ្ដឹង សមត្ថកិច្ចក៏ចេញបង្រ្កាបបានជាក់ស្ដែងតែម្តង។

ប្រភពបានឲ្យនគរវត្តដឹងទៀតថា ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះផែបណ្ដែតលើផ្ទៃបឹងទន្លេសាប ស្ថិតក្នុងភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យនគរវត្តដឹងថា ជនសង្ស័យត្រូវកម្លាំងឃាត់ខ្លួនឈ្មោះ ឡេ យ៉ាំងឡឺ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិវៀមណាម ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងបន្តថា ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះដែរ ដកហូតនូវវត្ថុតាងទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក ខេមហ្វូន ខាងមុខពណ៌ស ខាងក្រោយពណ៌ផ្កាឈូក ហើយការឃាត់ខ្លួនយុវជនសង្ស័យខាងលើរូបនេះ ធ្វើឡើងក្រោយទទួលបណ្ដឹងពីប្រជានេសាទជនជាតិវៀតណាមចំនួន ០៣នាក់ ទី១ ឈ្មោះ ង្វៀង យាំុងទ្រី ភេទប្រុស អាយុ ៤០ឆ្នាំ ទី២ ឈ្មោះ ង្វៀង យាំុងលៀង ភេទប្រុស អាយុ ៤១ឆ្នាំ និងទី៣ ឈ្មោះ ឡេ យាំុងយី ភេទប្រុស អាយុ ៣៥ឆ្នាំ អ្នកទាំង ០៣នាក់ជាម្ចាស់ពាក្យបណ្ដឹងខាងលើ ស្នាក់នៅភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងពាក្យបណ្ដឹងនោះបានលើកឡើងថា យុវជនសង្ស័យត្រូវបានឃាត់ខ្លួនធ្វើសកម្មភាពក្នុងភូមិខាងលើ រាប់ដងមិនអស់លួចមិនរើសតែរកបន្ទុកដាក់មិនបានចាប់ក៍មិនទាន់ ខណៈកន្លងមកពុំមានពាក្យបណ្ដឹងជាមុខជាការមិនបាន។

ប្រភពបន្តទៀតថា យុវជនសង្ស័យត្រូវបានឃាត់ខ្លួនបាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញបែបបទបន្ថែម បញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ប៉ឹម ពិន


ចែករំលែក៖