ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានយកក្រមាពណ៌ខៀវចងកសម្លាប់ខ្លួនបានសម្រេច នៅក្នុងជង្រុកស្រូវ ក្បែរផ្ទះ ខណៈដែលគាត់ទើបតែបានត្រឡប់មកពីមន្ទីរពេទ្យនៅឯខេត្តបាត់ដំបងវិញបានរយៈពេល១០ថ្ងៃប៉ុណ្ណោះ។
ហេតុការណ៍នេះភ្ញាក់ផ្អើលនៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅក្នុងជង្រុកស្រូវក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ស្រុកក្រគរបានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា ជនរងគ្រោះនៅលីវឈ្មោះ អៀត លាង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារ ឪពុកឈ្មោះ លឹម អៀត(ស្លាប់) និងម្ដាយឈ្មោះ ឡេង គីន អាយុ ៦០ឆ្នាំ ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ ។
លោកម៉ោល សុទ្ធបន្តប្រាប់នគរវត្តទៀតថា ជនរងគ្រោះ(ស្លាប់)មានជំងឺឈឺប្រចាំកាយរ៉ាំរ៉ៃ ខូចសន្លាក់ទាំងសង់ខាង(ត្រគៀក) និងខូចសួតអស់មួយចំហៀង នេះបើតាមការពិនិត្យ និងខ្សឹបប្រាប់ពីគ្រូពេទ្យមួយ នៅខេត្តបាត់ដំបង លុះវិលត្រឡប់មកផ្ទះវិញ បានត្រឹមរយៈពេល១០ថ្ងៃប៉ុណ្ណោះ ជនរងគ្រោះក៏សម្រេចចិត្តធ្វើអត្តឃាតតែម្តង។
ប្រភពបន្តប្រាប់នគរវត្តទៀតថា បន្ទាប់ពីមន្រ្តីជំនាញផ្នែកកោសល្យវិច័យបានសហការគ្នា ពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ លទ្ធផលឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះឡើយ ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន