ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធ២នាក់រត់ពីភ្នំពេញទៅសម្ងំនៅពោធិ៍សាត់ត្រូវនគរបាលចាប់ខ្លួនពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងស្រុកក្រគរសហការគ្នា ឃាត់ខ្លួនប្តីប្រពន្ធ ២នាក់ រួមទាំងវត្ថុតាង និងសម្ភារមួយចំនួន តាមពាក្យបណ្ដឹងរបស់ម្ចាស់របស់ដោយចោទពីបទរំលោភលើទំនុកចិត្ត ដែលបានរត់គេចខ្លួនអស់រយៈពេលច្រើនខែមកហើយនោះ ដោយចេញពីរាជធានីភ្នំពេញមកពួនសម្ងំនៅខេត្តពោធិ៍សាត់។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១១ និង៣នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក វរសេនីយ៍ត្រី នៅ សុជាតិ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ដែលសហការជាមួយកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា ប្តីប្រពន្ធ ២នាក់ត្រូវបានកម្លាំងឃាត់ខ្លួនតាមពាក្យបណ្ដឹងជនរងគ្រោះ ឈ្មោះ គឹម ផល្លា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិត្រើយស្លា ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល និងប្រពន្ធឈ្មោះ សៅ ខេម អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិពាមរ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោកនៅ សុជាតិបន្តប្រាប់នគរវត្តទៀតថា ការឃាត់ខ្លួនប្តីប្រពន្ធ ២នាក់ខាងលើនេះ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ គ្រី ហុកឡេង រស់នៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលប្តីប្រពន្ធ ២នាក់រូមនេះ បានរំលោភលើទំនុកចិត្តលុយមិនក្រោម(១ មឺុនដូល្លារអាមេរិក)នោះទេ ហើយក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងបានដកហូតរួមមាន ម៉ូតូ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AN 4354 មានសណ្ដោងរ៉ឺម៉ក ទូរស័ព្ទដៃចំនួន ២គ្រឿងម៉ាក ណូគាផងដែរ។

ប្រភពបន្តប្រាប់នគរវត្តទៀតថា ចំពោះប្តីប្រពន្ធជាជនសង្ស័យទាំង ២នាក់រួមវត្ថុតាង និងសម្ភារ បាននាំយកបន្តនីតិវិធីនៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ដើម្បីបំពេញបែបបទបន្ថែម និងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ នារសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្ត ចំណែកវត្ថុតាងម៉ូតូសណ្ដោងរ៉ឺម៉កបានប្រគល់ឲ្យទៅម្ចាស់វិញហើយ ដោយបានធ្វើកំណត់ហេតុត្រឹមត្រូវតាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖