ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ថង់ដាក់លុយរបស់អ្នករត់តាក់ស៊ីត្រូវគេដេញចាប់បាន វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ក្រុង សហការជាមួយកម្លាំងសន្តិសុខផ្សារអូឫស្សី​ ឃាត់ខ្លួន​ ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពឆក់ថង់លុយ
នៅក្នុងបេនឡានអូរឫស្សីបានសម្រេច​ តែរត់គេចមិនរួច។​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ៩និង៤០នាទីព្រឹក​ ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៧​ ដែលស្ថិតក្នុងបេនឡានផ្សារអូរឫស្សី​ សង្កាត់អូរឫស្សី១​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា ជនសង្ស័យ ឈ្មោះ សែន ដា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅម្ដុំអន្លង់ក្ងាន ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ ជុំ លីណូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់តាក់សុី ស្នាក់នៅខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តមកពីខេត្តកំពង់ស្ពឺ ហើយបានមកឈប់នៅបេនឡានអូរឫស្សី មួយសន្ទុះក្រោយមក ស្រាប់តែមានជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់ថង់លុយរបស់គាត់ដែលនៅក្នុងរថយន្ត ហើយជនសង្ស័យបានរត់សំដៅទៅម៉ូតូម៉ាកស្មាស់វី១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1CH.3392 ភ្លាមៗនោះ គាត់(ជនរងគ្រោះ)ក៏ស្រែកថាចោរៗ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ក្រុង សហការជាមួយកម្លាំងសន្តិសុខផ្សារអូរឫស្សី​ ដែលប្រចាំការនៅក្បែរនោះ បាននាំគ្នាដេញចាប់ភ្លាមៗ។

ប្រភពបន្តប្រាប់នគរវត្តទៀតថា ដោយសារតែប្រជាពលរដ្ននៅក្បែរនោះខឹងខ្លាំងពេក ក៏បាននាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើង បណ្ដោយឲ្យជនសង្ស័យបែកមុខ ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូរឫស្សី១ដើម្បីសាកសួរបន្ត។

ចំណែកថង់លុយដែលមានលុយ១លាន៥០ម៉ីនរៀល ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅម្ចាស់ដើមវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរឫស្សី១ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី

 


ចែករំលែក៖