ខេត្តកំពង់ធំ៖ ក្រុមជនដៃដល់៣ទៅ៤នាក់ ដែលបានធ្វើសកម្មភាពបាញ់សម្លាប់ថៅកែប្រមូលទិញជ័រកៅស៊ូ នៅខេត្តកំពង់ធំ២នាក់ប្តី-ប្រពន្ធ កាលពីវេលាម៉ោង២១ និង៣៥នាទី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចទួលស្រឡៅ ភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានរត់គេចខ្លួននោះ ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានចំនួន៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងព្រៃក្បែរចំណុចកើតហេតុ ក្នុងភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
សូមរលឹកថា ជនរងគ្រោះ ប្ដី ឈ្នោះ សឿង ប្រុញ ភេទប្រុស អាយុ៤១ឆ្នាំ និង ឈ្មោះ លី ចាន់ធឿន ជាប្រពន្ធ អាយុ៣៨ឆ្នាំ អ្នកទាំង២រស់នៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នបានផ្លាស់ប្តូរមកស្នាក់នៅ តំបន់អូសាជូ ភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តី-ប្រពន្ធបានបើករថយន្តមួយគ្រឿង ម៉ាកហាយឡិនឌ័រ ពណ៌កាំម៉ៃ ពាក់ស្លាកលេខ កំពង់ចាម2B-5444 ដឹកក្មួយៗ២នាក់ទៀត ធ្វើដំណើរចេញពីរោងចក្រកែច្នៃកៅស៊ូក្រែបជប៉ុន នៅចំណុចអូសាជូ ភូមិដងក្តារ ឃុំក្រយា លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណមានគ្នា ៤នាក់ ចេញមកស្ទាក់ផ្លូវធ្វើសកម្មបាញ់សម្លាប់ជនរងគ្រោះទាំង២នាក់ ប្តី-ប្រពន្ឋយ៉ាងសាហាវបំផុត។
ពាក់ព័ន្ធការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ដែលបានស្ទាក់បាញ់សម្លាប់ជនរងគ្រោះ២នាក់ប្តី-ប្រពន្ធ យ៉ាងសាហាវបំផុត ខណៈពេល បង្ក្រាបមុខសញ្ញាសង្ស័យទាំង៣នាក់ខាងលើ គឺសមត្ថកិច្ចដកហូតបានអាវុធ២ដើមផងដែរ តែពេលនេះសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណឱ្យភ្នាក់ងារយកព័ត៌មាននគរវត្តបានដឹងនៅឡើយ ដោយអះអាងថាសមត្ថកិច្ចជំនាញកំពុងតែប្រតិបត្តិការ និងស្រាវជ្រាវបន្តទៀតតាមនីតិវិធី៕ ប៊ុន រិទ្ធី