ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៩នាក់ត្រូវប៉ូលិសឃាត់ខ្លួនពាក់ព័ន្ឋករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ប៉ូលិសខណ្ឌសែនសុខ បានឃាត់ខ្លួនក្រុមយុវជន៩នាក់ជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ដោយជាប់ចោទពីបទពាក់ព័ន្ឋករណីប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីសមត្ថកិច្ចធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀន។

ប្រភពពីសមត្ថកិច្ចដែលចុះប្រតិបត្តិការបានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា កម្លាំងសមត្ថកិច្ចបានប្រទះឃើញជនសង្ស័យជិះម៉ូតូ តាមផ្លូវសាធារណៈ ក៏បានឃាត់ឆែកឆេរ និងត្រួតពិនិត្យទឹកនោម ជាលទ្ធផលបង្ហាញថាវិជ្ជមាន ទើបឃាត់ខ្លួនតែម្តង។

ប្រភពបានបន្តប្រាប់នគរវត្តទៀតថា ជនសង្ស័យទាំង៥នាក់ទៀត ត្រូវបានចាប់ខ្លួន នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានឈ្មោះ ចាន់ គឹមសន ភេទប្រុស អាយុ២១ឆ្នាំ, ឈ្មោះ គង់ ប៊ុនតឺម ភេទប្រុស អាយុ១៩ឆ្នាំ ពួកគេគ្មានមុខរបរច្បាស់លាស់ មានទីលំនៅម្តុំសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ, ឈ្មោះ ទុយ សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ សៀង សុខរី ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ ហាក់ ប៊ុន សារ៉ាក់ ភេទប្រុស អាយុ២១ឆ្នាំ ក្រុមជនជាប់ចោទទាំងអស់ខាងលើនេះ គ្មានមុខរបរឬការងារពិតប្រាកដទេ។

សមត្ថកិច្ចបានឲ្យនគរវត្តដឹងទៀតថា ជនសង្ស័យ៤នាក់ទៀតត្រូវបានឃាត់ខ្លួននៅតាមផ្លូវក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានឈ្មោះ ទូច ដា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ឈ្មោះឡុច ទូច ភេទប្រុស អាយុ២៤ឆ្នាំ, ឈ្មោហខុន វ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះសុង ឫទ្ឋីស័ក្ត ភេទប្រុស អាយុ២០ឆ្នាំ។ ពួកគេទាំងនេះគ្មានមុខរបរធ្វើទាំងអស់គ្នា។

សមត្ថកិច្ចបានបន្ថែមថា នេះជាយុទ្ឋការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ដែលជាការអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល៕ តុង សីហា


ចែករំលែក៖