ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ជិត​៥០០​គ្រួសារ​រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ដោយសារ​អាកាសធាតុ​មានការ​ប្រែប្រួល ​នៅតាម​បណ្តាល​ស្រុក​នានា​មួយចំនួន​ក្នុង​ខេត្តស្វាយរៀង នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​បណ្តាល​ឲ្យទៅជា​ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្ទះសម្បែង​ដីស្រែ​ចំការ​ ផលដំណាំ ​រួម​ផ្សេងៗ​និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ថែមទាំង​បំផ្លាញ​ផ្លូវ​ជាច្រើន​ខ្សែ​នៅតាម​ជនបទ​ផងដែរ​។​

បើតាម​បងស្រី​មានឈ្មោះ ពៅ សាញ់ ជា​ពលរដ្ឋ​រស់នៅក្នុង​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្ត ស្វាយរៀង​បាន​ប្រាប់​ភ្នាក់ងារយកព័ត៌មាននគរវត្តឲ្យ​ដឹងថា ផ្ទះ​របស់គាត់​ ក៏ដូចជា​ផ្ទះ​ពលរដ្ឋ​ផ្សេង​នៅក្នុង​ភូមិ​ ក៏​ខុសគ្នា​ផងដែរ បាន​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ជន់​លិចលង់ និង​ស្រែចំការ​មួយចំនួន​ ក៏ត្រូវ​បាន​រង​ផលប៉ះពាល់ និង​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគាត់​ជួប​ផល​លំបាក​ក្នុង​ការរកស៊ី​ទទួលទាន ជាពិសេស​ចាស់ជរា​ជួប​កា​លំបាក​ខ្លាំង​។​

បងស្រី​បាន​បន្តប្រាប់ភ្នាក់ងារនគរវត្តទៀតថា រហូតមក​ដល់ពេល​ជាង​មួយខែ​មកហើយ​ ដែល​ពលរដ្ឋ​ក្នុងភូមិ​ជួប​គ្រោះធម្មជាតិ​ដោយ​ជំនន់​ទឹកភ្លៀង ហើយ​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​ទាប ​គឺ​ត្រូវ​លិច​ខ្លាំង​ជាង​នេះ ​ត្រូវ​សម្រេចចិត្ត​ធ្វើ​ស្ពាន​ដើម្បី​ដើរ​ឆ្លង​ទៅមក​ ហើយ​ជីវភាព​សព្វថ្ងៃ​ ក៏​ពិបាក​ជាង​មុន​ផងដែរ​ ជាពិសេស​ក្មេង​តូចៗ ​និង​មនុ​ស្ស​ចាស់​ងាយ​រងគ្រោះ​ខ្លាំងណាស់​ដោយ​ជំងឺតម្កាត់​ផ្សេងៗ​។

​លោក ខាំ រឿន ចៅ សង្កាត់​ព្រៃ​អ​ង្គុ​ញ បាន​ឲ្យភ្នាក់ងារកាសែតនគរវត្ត​ដឹងថា នៅក្នុង​សង្កាត់​ព្រៃ​អ​ង្គុ​ញ ​ភូមិ​ចំនួន​៣​ ត្រូវបាន​ជំនន់​ទឹកភ្លៀង​ជន់​លិច ហើយ​ខាង​ក្រុមការងារ​ ក៏​ដូច​លោក​អភិបាលក្រុង​បាវិត​ បាន​ចុះ​សួរ​សុខ​ទុក្ខពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ ដោយ​ក្នុងនោះ​មានតែ​៦៨​គ្រួសារ​ដែល​រងគ្រោះ​។

លោក​ចៅសង្កាត់​បាន​បន្ត​ទៀតថា ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រហូត​ធ្វើ​ឲ្យ​ទឹក​មិន​ព្រម​ស្រក​នោះ​ថែមទាំង​ជន់​លិចលង់​ផ្ទះសម្បែង​ពលរដ្ឋ​កាន់តែខ្លាំង​ហើយ​លោក​បាន​រាយការណ៍​ទៅខាង​សាលាក្រុង​បាវិត​រួចរាល​់អស់ហើយ​ដែរ​។​

លោក សេង សីលា អភិបាលក្រុង​បាវិត​ឲ្យភ្នាក់ងារនគរវត្តដឹង​ថា ជុំវិញ​បញ្ហា​ជំនន់​ទឹកភ្លៀង​ជន់​លិច​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាវិត ​គឺមាន​ចំនួន​៤​សង្កាត់​ ដែល​រងគ្រោះ​ រងផលប៉ះពាល់​ពលរដ្ឋ​ជិត​៥០០​គ្រួសារ​ ហើយ​ការ​ជន់​លិច​នេះ​ រូបលោក​ និង​ក្រុមការងារ​បាន​ចុះសួរសុខទុក្ខ​ និង​ចែក​អំណោយ​ដល់​ពួកគាត់​ផងដែរ​។ ប៉ុន្តែ​ការ​ជន់​លិច​នេះ ​នៅតែ​បន្ត​លិចនៅតំបន់ទាប។ ចំណែក​ខាងលើៗ​ ទីទួលទើបតែ​លិច​នោះទេ​។​

លោក​អភិបាលក្រុង​បាន​បន្តប្រាប់នគរវត្តទៀតថា លោក​នឹង​ចាត់​ឲ្យ​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ផ្ទះ​ពលរដ្ឋ​បន្ថែមទៀត​ដើម្បី​រក​ជំនួយ​ជួយ​ដល់​ពួកគាត់ ព្រោះ​ចំនួន​ផ្ទះ​ពលរដ្ឋ​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​មាន​ច្រើន​៕ យឹម សុថាន


ចែករំលែក៖