ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ សហការជាមួយសន្តិសុខកោះពេជ្រ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ ខណៈកំពុងឈរនិយាយទូរស័ព្ទ នៅកោះពេជ្រ កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្នុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ មានឈ្មោះ ភុន អ៊ាក់ ភេទប្រុស អាយុ២៩ឆ្នាំ មុនរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែករងគ្រោះមានឈ្មោះ គន់ ណារី ១៦ឆ្នាំ មុខរបរកម្មករនៅកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានកំពុងឈរនិយាយទូរស័ព្ទដៃ ស្រាប់តែជនសង្ស័យបានជិះម៉ូតូម៉ាក c125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ កំពង់ឆ្នាំង 1A.0159 បានជិះម៉ូតូមកក្បែរហើយបានឆក់យកទូរស័ព្ទដៃបម្រុងរត់គេចខ្លួន ពេលនោះជន រងគ្រោះស្រែកចោរៗ ក៏ត្រូវបាននកម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ សហការជាមួយសន្តិសុខកោះពេជ្រ ជួយដេញចាប់បានហើយក៏ត្រូវកម្មករនាំគ្នាវាយជនសង្ស័យបែកក្បាល និងដកហូតយកទូរស័ព្ទដៃពីជនសង្ស័យទៅឲ្យជនរងគ្រោះវិញផងដែរ។
ក្រោយកើតហេតុនារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹង។
បច្ចុប្បន្នជនសង្ស័យរួមនឹងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី