ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទិ្ធ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ មនុស្ស៥នាក់ត្រូវបានកម្លាំងជំនាញ របស់ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញ ឃាត់ខ្លួន ពាក់ព័ន្ធករណីត្រៀមចែកខិត្តប័ណ្ណ សេចក្ដីអំពាវនាវត្រៀមធ្វើបាតុកម្ម ក្នុងព្រះរាជពិធីបុណ្យអុំទូក។
យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ ដែលដកស្រង់សំដីរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា កម្លាំងជំនាញរបស់ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញ របស់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងកម្លាំងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅចំណុចផ្ទះលេខ E18 ក្នុងភូមិបឹងសាឡាងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៥នាក់រួមមានដែលត្រូវឃាត់ខ្លួនរួមមាន៖
១៖ ឈ្មោះ ជីម សាវឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិព្រៃក្រាំង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត មុខងារជាសមាជិករណសិរ្សរំដោះជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ 110634291។ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឈ្មោះខាងលើនេះ បានទទួលបញ្ជាពីឈ្មោះ យ៉ាត យ៉យ ដែលជាជំនួយការរបស់ឈ្មោះ សម សេរី ជាប្រធានរណសិរ្សរំដោះជាតិខ្មែរ បានបញ្ជូនខិត្តប័ណ្ណដែលមានចំណងជើងថា៖ «សេចក្ដីអំពាវនាវត្រៀមធ្វើបាតុកម្ម» ដែលជាប្រភេទក្រដាសរាម A4 តាមរយៈសារអេឡិកត្រូនិច ឲ្យទៅឈ្មោះ ជីម សាវឿន យកមកព្រីន និង Copy ដើម្បីយកទៅចែកចាយបន្ត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ។
២៖ ឈ្មោះ ដួងនន្តា អាន់ណាន់ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិក្រាំង ឃុំពព្រាលើ ស្រុកជីក្រែង ខេត្តសៀមរាប។ មុខងារជាបុគ្គលិកក្រុមហ៊ុនថៃ កាន់លិខិតឆ្លងដែនលេខ N00128430។ ស្នាក់នៅបណ្ដោះអាសន្ន ផ្ទះលេខ E18 នៅភូមិបឹងសាឡាងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឈ្មោះខាងលើបានស្គាល់ឈ្មោះ យ៉ាត យ៉យ ដែលជាជំនួយការរបស់ឈ្មោះ សម សេរី ជាប្រធានរណសិរ្សរំដោះជាតិខ្មែរ ដែលបានបួសរៀននៅវត្តជាមួយ ក្នុងប្រទេសថៃ ហើយឈ្មោះ យ៉ាត យ៉យ បានប្រគល់សៀវភៅមួយក្បាលរបស់រណសិរ្សរំដោះជាតិខ្មែរ ដែលមានចំណងជើងថា «អាថ៍កំបាំងរបស់ខ្មែរ ឬគល់៧មករា» ដើម្បីទុកឲ្យខ្លួន (ដួង នន្ដា អាន់ណាន់ដា) ទុកមើល។
៣៖ ឈ្មោះ ប្រាក់ សាន្ត ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិលួង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ (ជាម្ចាស់ផ្ទះ)។ មុខងារយោធាការិយាល័យទី២ ទ័ពជើងគោក អត្តសញ្ញាណប័ណ្ណលេខ180709225។ មានទីលំនៅបច្ចុប្បន្ន នៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាម ខេត្តសៀមរាប។
៤៖ ឈ្មោះ ឃួន តាំ ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ មុខងារនៅផ្ទះ ទីលំនៅបច្ចុប្បន្ន នៅភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
៥៖ ឈ្មោះ ចិន សារិទ្ឋ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិត្រពាំងខ្នា ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ មុខងារអ្នកបើកបររថយន្តឲ្យឈ្មោះ ឃួន តាំកាន់អត្តសញ្ញាណប័ណ្ណលេខ 090801663។ ទីលំនៅបច្ចុប្បន្ន៖ នៅផ្ទះលេខ D63 ភូមិបឹងសាឡាងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
លោកឧត្តមសេនីយ៍បញ្ជាក់ថា ក្នុងការឃាត់ខ្លួនអ្នកទាំង៥នាក់ខាងលើនេះ សមត្ថកិច្ចបានដកហូត នូវខិត្តប័ណ្ណរបស់រដ្ឋាភិបាលជាតិខ្មែរនិរទេសចំនួន២៣សន្លឹក និងសៀវភៅ មានចំណងជើងថា៖ ឫគល់៧មករា ចំនួន០១ក្បាល។ បច្ចុប្បន្នឈ្មោះទាំង០៥នាក់ខាងលើ សមត្ថកិច្ចកំពុងសាកសួរ ដើម្បីអនុវត្តន៍នីតិវិធីបន្ត៕ តាឡឹម