ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​ជប៉ុន​ ស៊ី​ អិលធានា​​​រត់​ការ​ដោះលែង​ស្ត្រី​ឆបោក​អៀត​ សារឹម​

ចែករំលែក៖

ខេត្តកណ្ដាល​​៖​ ប្រធាន​ក្រុមហ៊ុន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​ជប៉ុន​ ស៊ី​ អិល​ ជ្រើសរើស​ បណ្ដុះបណ្ដាល​ និង​ បញ្ជូន​សិក្ខាកាម​ទៅ​កម្មសិក្សា​នៅ​ប្រទេស​ជប៉ុន​ គំរាម​និង​ធានា​ថា​ នឹង​រត់ការ​ដោះលែង​ស្ត្រី​ល្បី​ឈ្មោះ​ខាង​ឆបោក​អ្នក​ដទៃ​ ឈ្មោះ​ អៀត​ សារឹម​ នៅ​សាលាឧទ្ធរណ៍​ម្តង​ទៀត​ ។​ ប៉ុន្តែ​ដើម​បណ្ដឹង​ ជឿជាក់​ថា​ ត្រឹម​ប្រធាន​ក្រុមហ៊ុន​រូប​នេះ​ កុំ​ចង់​ធ្វើ​ឱ្យ​ជញ្ជីង​យុត្តិធម៌​នៅ​កម្ពុជា​ក្រឡាប់​ឱ្យ​សោះ​ ដែល​ផ្ទុយ​នឹង​គោល​នយោបាយ​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់​និង​យុត្តិធម៌​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ស្ត្រី​ឆបោក​អៀត​ សារឹម​ ត្រូវ​បញ្ជូន​​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល​ ម្តង​ទៀត​ កាលពី​ថ្ងៃទី​២៦​ ខែ​តុលា​ ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​លោក​ ហុក​ វ៉ាន់​ធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ រំលោភ​លើ​ទំនុក​ចិត្ត​។

លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និង ជាចៅក្រមជំនុំជម្រះ ​ប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីឈ្មោះ អៀត សារឹម ដាក់ពន្ធនាគារ១ឆ្នាំ សងសំណង ចំនួន ៦ពាន់ដុល្លារអាមេរិក សងសំណងជំងឺចិត្តចំនួន៤ពាន់ដុល្លារ និង ចេញដីកាបង្គាប់​ឱ្យ​ចាប់ខ្លួនជនជាប់ចោទ ដើម្បីយកមកអនុវត្តទោសតាមច្បាប់ ។

លោក​ស្រី​ សុខ​ សោភ័ណ្ឌ​ ជា​ដើម​បណ្ដឹង​ អះអាងប្រាប់សារព័ត៌មាននគរវត្ត​ថា​ ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ អៀត​ សារឹម​ បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ គេ​ឃើញ​វត្តមាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ តែ​ដឹង​ត្រឹម​ជា​ប្រធាន​ក្រុមហ៊ុន​មួយ​ និយាយ​គំរាម​ជា​ច្រើន​ និង​ស្រែក​ឡូឡា​ ជុំវិញ​ការ​ចាប់​ខ្លួន​ អៀត​ សារឹម​ ។​

ប្រធាន​ក្រុមហ៊ុន​រូប​នេះ​ គំរាម​ ដើម​បណ្ដឹង​ ថា​ ចាំ​ជួប​គ្នា​នៅ​សាលាឧទ្ធរណ៍​ ម្តង​ទៀត​ ហើយ​នឹង​ធ្វើ​ឱ្យ​ដើម​បណ្ដឹង​ ជាប់​គុក​ម្តង​ ។​ ទង្វើ​ពាល​នេះ​ ត្រូវបាន​លោក​ស្រី​ សុខ​ សោភ័ណ្ឌ​ អះអាង​ថា​ ពុំ​មាន​ការ​ខ្លាច​ញញើត​ឡើយ​ ហើយ​សង្ឃឹម​ថា​ សាលាឧទ្ធរណ៍​ នៅ​តែ​ផ្ដល់​ភាព​យុត្តិធម៌​ដល់​លោក​ស្រី​ ។​ លោកស្រី​ សុខ​ សោភ័ណ្ឌ​ សង្កត់​ធ្ងន់​ថា​ “ត្រឹម​ប្រធាន​ក្រុមហ៊ុន​រូប​នេះ​ កុំ​ចង់​ធ្វើ​ឱ្យ​ជញ្ជីង​យុត្តិធម៌​នៅ​កម្ពុជា​ក្រឡាប់​ឱ្យ​សោះ​ ដែល​ផ្ទុយ​នឹង​គោល​នយោបាយ​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់​និង​យុត្តិធម៌​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ “។

ទោះបី​យ៉ាងណា​ នៅ​ថ្ងៃទី​២៨​ ខែ​តុលា​ សារព័ត៌មាននគរវត្តពុំ​ទាន់​អាច​ទាក់ទង​សុំការបំភ្លឺបន្ថែមពីប្រធាន​ក្រុមហ៊ុន​រូបនោះ​ ជុំវិញ​ការ​ការ​ចោទប្រកាន់​ពី​សំណាក់​ដើម​បណ្ដឹង​ បាន​នៅ​ឡើយ​ទេ​ ៕ចេស្តា


ចែករំលែក៖