ភ្នំពេញ៖ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឆ្លើយតបនឹងការប្រតិកម្មខ្លាំងៗ ពីសំណាក់ក្រុមផលិតករនាពេលថ្មីៗ ដែលបង្ខំឱ្យពួកគេ បង់ពន្ធហួសពីសមត្ថភាពរហូតដល់ផលិតករខ្លះ ប្រកាសបិទផលិតកម្មរបស់ខ្លួនប្រសិនបើមានការចាប់បង្ខំឱ្យបង់ពន្ធហួសហេតុដូច្នេះ ។ មន្ត្រីថាក្រសួងមានតែជូយសម្រួលដល់បញ្ហាប្រឈមមួយចំនួនរបស់ផលិតករទៅវិញនោះទេ ។
លោកប៉ុក បូរក្ស ប្រធានស្ដីទីនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងប្រាប់សារព័ត៌មាននគរវត្តថា ការលើកឡើងរបស់ផលិតករមួយចំនួនរឿងការចាប់បង្ខំឱ្យបង់ពន្ធគឺជាការភាន់ច្រឡំ ។
លោកបន្តថា ផលិតករខ្លះបានចូលរួមប្រជុំជាមួយក្រសួងវប្បធម៌ មិនបានស្ដាប់ព័ត៌មានឱ្យច្បាស់ និងសេចក្ដីសម្រេចចុងក្រោយ របស់ក្រសួងទេ ដោយគ្រាន់តែលឺសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចរឿងពន្ធលើវិស័យភាពយន្តក៏មានប្រតិកម្មភ្លែត ។ លោកបញ្ជាក់ថា សេចក្ដីសម្រេចចុងក្រោយ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៦ចំណុចធំៗ គឺផ្ដល់អត្តប្រយោជន៍ច្រើនដល់ក្រុមផលិតករ មិនមែនបង្កការលំបាកដល់ផលិតករទេ តួយ៉ាងណាដូចជាតំឡើងតម្លៃសំបុត្រកុនតាមរោងភាពយន្តអាចជួយឱ្យចំណូលរបស់ផលិតករក្រោយចែកជាមួយរោងកុនរួចមានការកើនឡើង ។
ការអនុគ្រោះការទិញសម្ភារៈថតកុនពីក្រៅប្រទេសការសម្រួលទីតាំងថត នៅទូទាំងប្រទេស និងការត្រួតពិនិត្យភាពយន្តបរទេសដែលនាំចូលស្រុកខ្មែរជាដើមដើម្បីឱ្យផលិតករក្នុងស្រុកមានកម្លាំងចិត្តផលិតកុនថែមទៀតដោយមិនឱ្យហូរចូលច្រើនដូចមុនទៀតទេ ។ បញ្ហាចម្បងមួយទៀត គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងដាក់លិខិតស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីសុំពន្យាការបង់ពន្ធរយៈពេល១០ឆ្នាំ តាមការចង់បានរបស់ផលិតករក្នុងន័យជួយឱ្យវិស័យភាពយន្តខ្មែរកាន់តែមានភាពបោះជំហានទៅមុខ ។
លោកលៀក លីដា ផលិតករ និងជាចាងហ្វាងផលិតកម្មLD Picture បានអះអាងថា ប្រសិនបើការអនុគ្រោះពន្ធដល់ផលិតកររយៈពេល១០ឆ្នាំអាចកើតឡើង ដូចការស្នើសុំរបស់ក្រសួងពិតមែននោះផលិតករនឹងសប្បាយរីករាយ ដើម្បីជួយជ្រោមជ្រែងវិស័យកុនខ្មែរឱ្យបោះជំហានទៅមុខ ។
លោកចាន់ណារ៉ូណាន់ ផលិតករវ័យក្មេងវិញ បានបញ្ជាក់ប្រាប់សារព័ត៌មាននគរវត្តថា ប្រសិនបើក្រសួងចាប់បង្ខំឱ្យបង់ពន្ធដូចអ្វីដែលលោកបានស្ដាប់លឺមែននោះផលិតកម្មរបស់ខ្លួន នឹងបិទទ្វារលែងផលិតភាពយន្តតទៅទៀត ។ ទាំងនេះដោយសារលោកយល់ថា ផលិតកម្មរបស់ខ្លួនគ្មានលទ្ធភាពអាចបង់ពន្ធនោះទេ ប៉ុន្តែប្រសិនបើមានការអនុគ្រោះមិនមែនគឺជារឿងល្អសម្រាប់វិស័យភាពយន្តខ្មែរ៕ វឌ្ឍនា