ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ក្នុងចំណោម៤នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីនារីម្នាក់មិនបានសម្រេច ត្រូវប្រជាពលរដ្នដេញចាប់បាននាំគ្នាវាយ ទើបប្រគល់អោយកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៤ហ្សិត ក្នុងសង្កាត់វាល់វង ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ កែវ រិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ទី២.ឈ្មោះ មាជ ណាង ភេទប្រុស អាយុ២១ឆ្នាំ និងទី៣.ឈ្មោះ ង្វៀង វ៉ាងតឹង ភេទប្រុស អាយុ២០ឆ្នាំ ពួកគេទាំង៣នាក់នេះ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
បើតាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូជាមួយមិត្តភ័ក្តិ ចេញពីគ្លីនិក១កន្លែង បំណងទៅផ្សារអូឫស្សី។ ខណៈជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ដោយ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ កណ្ដាល 1C-3376 និង១គ្រឿងទៀត ម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FC-6327 ជិះមកក្បែរ ហើយធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួន ប៉ុន្តែដោយខ្លួន(នារីរងគ្រោះ) ដៃរហ័ស ក៏ដណ្តើមកាបូបបានវិញ បណ្ដាលឲ្យជនសង្ស័យដួលម៉ូតូទាំង២គ្រឿង។ ភ្លាមនោះ ក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ឃាត់បានជនសង្ស័យ៣នាក់ រួចប្រគល់ឲ្យកម្លាំងអាវុធហត្ថខណ្ឌ៧មករា ដែលកំពុងល្បាតក្នុងមូលដ្ឋានក្បែរនោះ យកទៅចាត់ការតាមច្បាប់តែម្តង។
ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបាននាំទៅសាកសួរ រួចបញ្ជូនខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី