ព័ត៌មានទាន់ហេតុការណ៍៖

អធិការ​រង​ស្រុក​កណ្ដាល​ស្ទឹង​ដែល​បាញ់​គេកំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​បើ​ទោះបី​ជា​តុលាការ​ខេត្ត​កណ្ដាល​ចោទប្រកាន់​ពី​បទ​ល្មើស​ឧក្រិដ្ឋ​ រួចហើយ​ក៏ដោយ​

ចែករំលែក៖

ខេត្តកណ្ដាល​៖ ​ពេលនេះ​ លោក​ យង់​ គង់​ អធិការ​រង​ស្រុក​កណ្ដាល​ស្ទឹង​ ដែល​បាញ់​យុវជន​ម្នាក់​ឱ្យ​រងរបួស​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​ បើ​ទោះបី​ជា​តុលាការ​ខេត្ត​កណ្ដាល​ ចោទប្រកាន់​ពី​បទ​ល្មើស​ឧក្រិដ្ឋ​ រួចហើយ​ក៏ដោយ​ ។​ មជ្ឈដ្ឋាន​មួយ​ចំនួន​ សម្តែង​ការ​​ងឿងឆ្ងល់​ថា​ ហេតុអ្វី​បាន​ជា​អធិការ​រង​រូប​នេះ​ អាច​មាន​សេរីភាព​ជា​ធម្មតា​ដូច្នោះ​ ខុស​ពី​ជនសង្ស័យ​ដទៃ​ទៀត​ ដោយ​គ្រាន់​តែ​ប្រព្រឹត្ត​បទល្មើស​តូចតាច​នោះ​ ។​ នេះ​អាច​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​ដែរ​ឬទេ​ ?​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៣១​ ខែ​តុលា​ ថា​ បច្ចុប្បន្ន​សំណុំរឿង​នេះ​កំពុងស្ថិត​ក្រោម​ចំណាត់​ការ​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ក្រោម​រូបភាព​ជនត្រូវចោទ​នៅ​ក្រៅ​ឃុំ​ ។​ ពេលនេះ​ ចៅក្រម​ស៊ើបសួរ​ កំពុង​បន្ត​នីតិវិធី​ ដោយ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ។

ខណៈ​តុលាការ​កំពុង​បន្ត​នីតិវិធី​ ជនត្រូវចោទ​ យង់​ គង់​ កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​ ជា​ធម្មតា​ ។​

លោក​ ឯក​ ស៊ុន​រស្មី​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ កាល​ពី​ពេល​កន្លង​ទៅ​ សម្រេច​ចោទប្រកាន់​លោក​ យន់​ គង់​ អាយុ​៤៥ឆ្នាំ​ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​ តាម​មាត្រា​២៧​ និង​ ១៩៩​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​ បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​ ។​

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា​ កាលពី​ថ្ងៃ​ទី​០៩​ ខែ​ឧសភា​ ឆ្នាំ​២០១៧ លោក​លាវ​ ស្រេង​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ បាន​ធ្វើ​លិខិត​មួយ​ច្បាប់​គោរព​ជូន​សម្តេច​ក្រឡាហោម​ ​ស​ ខេង​ ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ តាម​រយៈ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ អំពី​ចំណាត់ការ​ផ្លូវ​ច្បាប់​លើ​លោក​ យន់​ គង់​ ។

ប្រភព​បន្ត​ទៀត​ថា​ លោក​ លាវ​ ស្រេង​ រៀបរាប់​ប្រាប់​សម្តេច​ក្រឡាហោម​ ថា​ កាលពីថ្ងៃទី​១៧​ ខែ​មីនា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​១៥និង​៣០នាទី​ មាន​ករណី​ “​ ប៉ុនប៉ង​ឃាតកម្ម​”​កើត​ឡើង​ចំពោះ​ជនរងគ្រោះ​ឈ្មោះ​ មាន​ ចន្ទ​សុវណ្ណារ៉ា​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​ ។​ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ ផ្ទាល់​រួច​មក​ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ បាន​បើក​ការ​ស៊ើបអង្កេត​តាម​រយៈ​ការ​សាកសួរ​យក​ចម្លើយ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ហេតុ​ខាង​លើ​ មាន​ ជនរងគ្រោះ​ សាក្សី​ និង​ធ្វើ​ការ​ចុះ​ស្រាវជ្រាវ​ជុំវិញ​ទីកន្លែង​កើតហេតុ​ចប់​សព្វគ្រប់​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​ ពិត​ជា​មាន​វមតិ​សង្ស័យ​លើ​ឈ្មោះ​ យន់​ គង់​ ដែល​អាច​ពាក់ព័ន្ធ​នឹង​អង្គហេតុ​នេះ​ ។

លោក​ លាវ​ ស្រេង​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ទើប​ចូល​កាន់​តំណែង​ បន្ត​ថា​ អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ បាន​សម្រេច​បើក​ការ​ស៊ើបសួរ​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ​៤៨០ដកសស​ លើ​ជនសង្ស័យ​ឈ្មោះ​ យន់​ គង់​ ពី​បទ​”​ប៉ុនប៉ង​ឃាតកម្ម​”​ ប្រព្រឹត្ត​នៅ​ភូមិ​បុណ្ណា​ ឃុំ​ព្រះ​ពុទ្ធ​ ស្រុក​កណ្ដាល​ស្ទឹង​ កាលពី​ថ្ងៃ​ទី​១៧​ ខែ​មីនា​ ឆ្នាំ​២០១៧​ តាម​មាត្រា​២៧និង​១៩៩​នៃ​ក្រម​ព្រហ្មទណ្ឌ​ ៕ចេស្តា


ចែករំលែក៖