ខេត្តកណ្ដាល៖ ពេលនេះ លោក យង់ គង់ អធិការរងស្រុកកណ្ដាលស្ទឹង ដែលបាញ់យុវជនម្នាក់ឱ្យរងរបួសកំពុងរស់នៅក្រៅសំណាញ់ច្បាប់ បើទោះបីជាតុលាការខេត្តកណ្ដាល ចោទប្រកាន់ពីបទល្មើសឧក្រិដ្ឋ រួចហើយក៏ដោយ ។ មជ្ឈដ្ឋានមួយចំនួន សម្តែងការងឿងឆ្ងល់ថា ហេតុអ្វីបានជាអធិការរងរូបនេះ អាចមានសេរីភាពជាធម្មតាដូច្នោះ ខុសពីជនសង្ស័យដទៃទៀត ដោយគ្រាន់តែប្រព្រឹត្តបទល្មើសតូចតាចនោះ ។ នេះអាចបង្ហាញពីការអនុវត្តច្បាប់ស្តង់ដារពីរដែរឬទេ ? ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងនៅថ្ងៃទី៣១ ខែតុលា ថា បច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតក្រោមចំណាត់ការរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ក្រោមរូបភាពជនត្រូវចោទនៅក្រៅឃុំ ។ ពេលនេះ ចៅក្រមស៊ើបសួរ កំពុងបន្តនីតិវិធី ដោយពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។
ខណៈតុលាការកំពុងបន្តនីតិវិធី ជនត្រូវចោទ យង់ គង់ កំពុងរស់នៅក្រៅសំណាញ់ច្បាប់ ជាធម្មតា ។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល កាលពីពេលកន្លងទៅ សម្រេចចោទប្រកាន់លោក យន់ គង់ អាយុ៤៥ឆ្នាំ ពីបទប៉ុនប៉ងឃាតកម្ម តាមមាត្រា២៧ និង ១៩៩ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ។
ប្រភពព័ត៌មានដដែលបន្តថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ លោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានធ្វើលិខិតមួយច្បាប់គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អំពីចំណាត់ការផ្លូវច្បាប់លើលោក យន់ គង់ ។
ប្រភពបន្តទៀតថា លោក លាវ ស្រេង រៀបរាប់ប្រាប់សម្តេចក្រឡាហោម ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី មានករណី “ ប៉ុនប៉ងឃាតកម្ម”កើតឡើងចំពោះជនរងគ្រោះឈ្មោះ មាន ចន្ទសុវណ្ណារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ។ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ផ្ទាល់រួចមក កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបើកការស៊ើបអង្កេតតាមរយៈការសាកសួរយកចម្លើយអ្នកដែលជាប់ពាក់ព័ន្ធក្នុងរឿងហេតុខាងលើ មាន ជនរងគ្រោះ សាក្សី និងធ្វើការចុះស្រាវជ្រាវជុំវិញទីកន្លែងកើតហេតុចប់សព្វគ្រប់ កម្លាំងសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ពិតជាមានវមតិសង្ស័យលើឈ្មោះ យន់ គង់ ដែលអាចពាក់ព័ន្ធនឹងអង្គហេតុនេះ ។
លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ទើបចូលកាន់តំណែង បន្តថា អយ្យការអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចបើកការស៊ើបសួរតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៤៨០ដកសស លើជនសង្ស័យឈ្មោះ យន់ គង់ ពីបទ”ប៉ុនប៉ងឃាតកម្ម” ប្រព្រឹត្តនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ តាមមាត្រា២៧និង១៩៩នៃក្រមព្រហ្មទណ្ឌ ៕ចេស្តា