ព័ត៌មានទាន់ហេតុការណ៍៖

ច្រកចំការគសម្រកនាំចូលឈើគ្រញូង ម៉ូតូ និងឡានគេចពន្ធយ៉ាងគំហុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បើទោះជាក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសរួចមកហើយឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ បិទច្រករបៀងទាំងអស់ ប៉ុន្តែ​ទំនិញគេចពន្ធ ក៏ដូចជាឈើគ្រញូងបានហូរចូលតាមច្រកចំការគ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យយ៉ាងគំហុក និងមានទ្រង់ទ្រាយធំជាងមុន ក្នុងនោះមានឈើគ្រញូង ម៉ូតូ និងរថយន្តគេចពន្ធផងដែរ។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យក៏បានចេញលិខិតមួយបន្ទាន់ផងដែរ ក្នុងនាមគណៈបញ្ជាការឯកភាព បញ្ជាដល់កងកម្លាំង មាននគរបាល យោធា កងរាជអាវុធហត្ថ នគរបាលព្រំដែន គណៈអភិបាល នៃគណៈអភិបាល ក្រុង ស្រុក ដូចជា ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ស្រុកថ្មពួក ត្រូវតែបិទច្រករបៀង ប៉ុន្តែសកម្មភាពនៃបទល្មើស នៃច្រករបៀងក្នុងក្រុង និងស្រុកទាំងនេះ បន្តកើតមានដដែល ។

ច្រកចំការគ ត្រូវបានគេរាយការណ៍មកថា ឈើគ្រញូង ម៉ូតូគេចពន្ធ និងឡានគេចពន្ធ ហូរចូលដូចសព្វមួយដង ក្រោមក្រសែភ្នែកនគរបាលព្រំដែន ក៏ដូចជាសមត្ថកិច្ចដទៃទៀត ពិសេសយោធាព្រំដែន បានអនុញ្ញាតឲ្យឈ្មួញ នាំចូលយ៉ាងគគ្រឹកគគ្រេង ។ ជុំវិញបញ្ហានេះ អាជ្ញាធរខេត្ត គួរមានវិធានការលុបបំបាត់អនុវត្តតាមសេចក្តីប្រកាស​របស់ក្រសួងមហាផ្ទៃ ក្នុងនោះ ច្រករបៀងទាំងនេះ បើទោះជាអភិបាលនៃគណៈអភិបាលខេត្តបានដាក់ចេញលិខិត ឲ្យបិទច្រករបៀង យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃក៏ដោយ ក៏អស់លោកថ្នាក់ស្រុក យោធាព្រំដែន នគរបាលវរៈការពារព្រំដែន នៅតែបើកឲ្យមានចរាចរណ៍ទំនិញខុសច្បាប់ដដែល បញ្ហាទាំងអស់នេះ តើសមត្ថកិច្ច អាជ្ញាធរណា ជាអ្នកទទួលខុសត្រូវ? ៕


ចែករំលែក៖