ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស៤នាក់ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងហ្គែមបាញ់ត្រីនៅព្រែកប្រា

ចែករំលែក៖

ភ្នំពេញៈ ទីតាំងហ្គែមបាញ់ត្រីមួយកន្លែង នៅត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបទាំងយប់ បន្ទាប់ពីមានការអនុញ្ញាតពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះឃាត់ខ្លួនមនុស្ស៤នាក់ជាបណ្តោះអាសន្ន និងដកហូតបានសម្ភារមួយចំនួនទៀត ។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងហ្គែមបាញ់ត្រីនេះបានធ្វើឡើងនៅវេលាម៉ោង១៩,០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ដោយមានការអនុញ្ញាតពីលោកស្រី សុីវណ្ណនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ រួមជាមួយកម្លាំងចម្រុះរួមមាន កម្លាំងសន្តិសុខសាលាខណ្ឌ, នគរបាលខណ្ឌ, កងរាជអាវុធខណ្ឌ, កម្លាំងសាលាសង្កាត់ និងនគរបាលប៉ុស្តិ៍ព្រែកប្រា បានចុះបង្រ្កាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ប្រភេទ ហ្គេមបាញ់ត្រី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ក្នុងពេលប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងនោះឃាត់ខ្លួនជនសង្ស័យ០៤នាក់(ប្រុស៣,ស្រី១)មានឈ្មោះដូចជា៖

១/ស៊ុន សុភី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកមើលការខុសត្រូវហ្គេមបាញ់ត្រី ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

២/ទូច រិទ្ធីយ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំប៉ាវ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ(អ្នកលេងហ្គេម)។

៣/គង់ ឆវ័ន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុការ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (អ្នកលេងហ្គេម)។

៤/ហ្វាង យ៉ាំងណាំ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ស៊ុប ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (អ្នកលេងហ្គេម) ។

វត្ថុតាងដកហូតរួមមាន៖ទូហ្គេមបាញ់ត្រី២ទូ, កង្ហារ២, ទូរស័ព្ទដៃ៦គ្រឿង, កៅអី៦, ប្រាក់៦ម៉ឺនរៀល និងសៀវភៅកត់ ពង់១ក្បាល។

ចំពោះជនសង្ស័យ រួមនិងវត្ថុតាងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕ សណ្តោស


ចែករំលែក៖