ខេត្តស្វាយរៀងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យហួសចិត្តមួយបានកើតឡើងរវាងម៉ូតូ នឹងម៉ូតូ ខណៈដែលភាគីទាំងសងខាង បានរត់គេចខ្លួនភ្លាមៗបន្សល់តែម៉ូតូនៅនឹងកន្លែងកាលពីវេលម៉ោង៧យប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវលេខ១១៤ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមសាក្សីបានឲ្យដឹងថា មានបុរសម្នាក់មិនស្គាល់ឈ្មោះបានជិះម៉ូតូមួយគ្រឿងម៉ាកម៉ាកវេវ ពណ៌ ក្រហម គ្មានស្លាកលេខ ដោយធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ស្រាប់តែទៅបុកនឹងម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J ៩២៧៤ ដែលធ្វើដំណើរពីជើងទៅត្បូង យ៉ាងពេញទំហឺងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើល។
ប្រភពបន្តថា ប៉ុន្តែក្រោយពីកើតហេតុ ស្រាប់តែភាគីម៉ូតូទាំងសងខាងមិនបានដោះស្រាយគ្នានោះទេ ម្នាក់ៗបានរត់គេចខ្លួនភ្លាមៗបន្សល់តែម៉ូតូធ្វើឲ្យសមត្ថកិច្ចមូលដ្ឋានហួសចិត្តឈរគ្រវីក្បាល ។ សមត្ថកិច្ចចរាចរណ៍ក្រុងបានអូសវត្ថុតាងម៉ូតូទាំង២គ្រឿងទៅកាន់ការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ៕ យឹម សុថាន