ព័ត៌មានទាន់ហេតុការណ៍៖

យកប្តីចាស់ឲ្យស្រណុកចិត្ត មិនស្រណុកចិត្តបែរជារងកម្មនឹងភ្លើងប្រចណ្ឌវាយព្រឹកល្ងាច

ចែករំលែក៖

ភ្នំពេញ៖ ដោយ​អត់​ទ្រាំលែងបាន​នូវ​ទង្វើហិ​ង្សា​គ្មាន​ហេតុផល​របស់លោក​ប្តីវ័យ​ចំណាស់​​ចិត្ត​ភ្លើងដែលតែង​បង្កជម្លោះ​វាយតប់​ប្រពន្ធវ័យក្មេងព្រោះតែក្តីប្រចណ្ឌនោះ ធ្វើឲ្យ ប្រពន្ធទ្រាំលែង​បានរត់ទៅរកសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ភ្លាមៗ ។

ហេតុការណ៍នេះកើតឡើងកាលពី​រសៀល​ថ្ងៃទី៣ ខែវិច្ឆិកា​ឆ្នាំ២០១៧ នៅ​បន្ទប់​ជួល​តាមផ្លូវ​បេតុង​ក្នុងក្រុម១០ភូមិ ​មិត្តភាព​ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

បុរសជាប្តីត្រូបានគេស្គាល់ថា ឈ្មោះ កែវ ​វិសាល ​អាយុ៥៣ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន ​ប្រពន្ធ​វ័យក្មេង ឈ្មោះ សុខ វណ្ណា​ទី អាយុ២៨ឆ្នាំ មុខរបរ​រត់​តុ​នៅ​ហាង មានកូន​ចំនួន២នាក់​(ប្រុស​មួយ​ស្រី​មួយ)​រស់នៅក្នុង​បន្ទុកគ្រួសា​រ និងរស់នៅកន្លែងកើតហេតុខាងលើ ។

តាម​ការរៀបរាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថាតាំង​ខ្លួននា​ពេញក្រមុំ​ធំ​ពេញវ័យពេលណា​គឺក្នុងវ័យអាយុ១៨ឆ្នាំត្រូវ​ឪពុកម្តាយបង្ខំ​ឲ្យយកប្តី​កំលោះៗច្រើននាក់មកហើយ តែនាងប្រកែក លុះក្រោយមកមិនដឹងមានកម្មអី ស្រាប់តែមកយកប្តីប៉ះចំ​បុរស​ចំណាស់​ហើយពោះ​ម៉ាយទៀត។

នាង សុខ វណ្ណាទី បន្តថា បានជានាងសម្រេចចិត្តមិនយកប្តីក្មេងព្រោះខ្លាចគេធ្វើបាប ទើបសម្រេចចិត្តយកប្តីវ័យចំណាស់ ក្រែងស្រួលចិត្ត ស្រួលកាយ ព្រោះមនុស្សចាស់​ចេះថ្នាក់​ថ្នមឬចេះគិតគូរវែងឆ្ងាយមិនដូចប្តីកំលោះនោះទេ។ ដោយយល់ឃើញបែបនេះហើយទើប នាងសម្រេចទទួលយកបុរសឈ្មោះកែវ ​វិសាល ដែលកាលនោះគាត់អាយុ៤៣ឆ្នាំ ឯនាង​អាយុ១៨ឆ្នាំ ។ពួកគាត់បាន​រៀបការ​នឹង​គ្នា​តាំងពី​ឆ្នាំ២០០៧មក​ម្ល៉េះ រហូតមកដល់​ពេលនេះ​បាន១០ឆ្នាំកន្លងផុត​ទៅហើយដោយបន្សល់ទុក​កូនប្រុស​ស្រី​ចំនួន២នាក់ ជា​ចំណង​ស្នេហ៍​ផងដែរ ។ ប៉ុន្តែចាប់តាំងពីបានគ្នាជាប្តីប្រពន្ធ រហូតបានកូនពីរនាក់ ទៅហើយក្តី នាងគួរតែរស់ នៅក្នុងទ្រនុំសុខដូចបានរំពឹងទុក ផ្ទុយទៅវិញ បែរជាមកទទួលរងកម្មនឹងប្តីវ័យចំណាស់​វាយ​ធ្វើបាបស្ទើរគ្មានលស់ថ្ងៃណាឡើយ ហើយការទទួលរងកម្មនឹងប្តីវាយធ្វើបាបនេះទៀត សោត​គឺច្រើន​តែផ្តើមចេញពីក្តីប្រច័ណ្ឌប៉ុណ្ណោះ សូម្បីតែនាងនិយាយលេងជាមួយអ្នកជិតខាង ឬបង​ប្អូនជីដូនមួយសោះក៏មិនបានដែរ។ ជាក់ស្តែងដូចជាថ្ងៃកើតហេតុខាងលើ គ្រាន់តែនាងនិ​យាយលេងជាមួយអ្នកជិតខាងសោះ គាត់ចោទថានាងមានសហាយ ហើយស្ទុះមកវាយធ្វើ បាបនាងទាំងកំរោល និងដោយទ្រាំលែងបាននាងសម្រេចទៅរកសមត្ថកិច្ចជួយធ្វអន្តរាគមន៍ តែម្តងទៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីស្រី្តរងគ្រោះប្តឹងសុំឲ្យជួយធ្វើអន្តរាគមន៍រឿងនេះ សមត្ថកិច្ចបានហៅប្តី ប្រពន្ធមួយគូនេះទៅ សម្របសម្រួល​គ្នា​នៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាល ឫស្សីកែវដោយគ្រាន់តែ​ធ្វើ​កិច្ចសន្យាកុំឲ្យភាគីប្តីមាន​ហិង្សា​វាយតប់ទៅលើប្រពន្ធដោយ​ប្រច័ណ្ឌខុសទំនងតែប៉ុណ្ណោះ។រីឯ ចំពោះ រឿងចង់​លែងលះគ្នានោះសូម រង់ចាំ​ទៅ​ដោះស្រាយ​ជាមួយលោកចៅសង្កាត់ ព្រោះភារកិច្ចនេះស្ថិតនៅលើសាលាសង្កាត់ ៕ ប្រាថ្នា


ចែករំលែក៖