ខេត្តព្រះវិហារ៖ កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ មានមានករណីឃាតកម្មមួយកើតឡើងនៅចំណុចភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
សមត្ថកិច្ចជំនាញដែលចុះត្រួតពិនិត្យដល់កន្លែងកើតហេតុបានថ្លែងថា ជនរងគ្រោះឈ្មោះយ៉ាន់ ចិន្ថា ហៅឌូ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ត្រូវជនសង្ស័យកាប់ចំក្បាល៦កាំបិត បណ្តាលឲ្យស្លាប់នៅលើផ្ទះ។
ក្រោយពេលកើតហេតុ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកជាំក្សាន្ត រួមសហការជាមួយកម្លាំងជំនាញអហខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរង ទទួលការងារយុត្តិធម៌ បានចុះស្រាវជ្រាវករណីនេះ ។ លុះដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក កម្លាំងជំនាញបានស្រាវជ្រាវរកឃើញមុខសញ្ញាជនសង្ស័យម្នាក់ ឈ្មោះ គង់ ធី ហៅអ៊ឹម ធី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមការស្តាប់ចម្លើយរបស់ជនសង្ស័យឈ្មោះ គង់ ធី បានសារភាពប្រាប់ឲ្យដឹងថា«ខ្លួនពិតជាបានសម្លាប់ឈ្មោះ យ៉ាន់ ចិន្ថា ពិតប្រាកដមែន ដោយសារពេលនោះ ខ្លួនបានសុំជនរងគ្រោះរួមរក្សជាមួយ តែជនរងគ្រោះមិនព្រមឲ្យរួមរក្ស ហើយស្រែកថាជួយផងៗ ហើយអ្នកជិតខាងបានឮ ពេលនោះ ខ្លួនក៏បានទាញកាំបិតមកកាប់ទៅលើជនរងគ្រោះចំនួន៣កាំបិត ចំក្បាលផ្នែកខាងក្រោយ ហើយក៏ដួលផ្ងារទៅក្រោយ ពេលដែលខ្លួនស្រវឹងផង ពេលនោះខ្លួនពុំបានដឹងថា កាប់ថែមទៅលើជនរងគ្រោះប៉ុន្មានកាំបិតទៀតទេ បន្ទាប់មក ខ្លួនក៏បានកាន់កាំបិតដើរសំដៅទៅផ្ទះ របស់ខ្លួនហើយយកកាំបិតទៅលាក់ទុកនៅក្នុងចានដែកលាងចាន ហើយក៏ឡើងទៅលើផ្ទះដេកធម្មតា» ។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕