ព័ត៌មានទាន់ហេតុការណ៍៖

ដើមខែវិច្ឆិកានេះមនុស្សស្លាប់ និងរបួស១៥នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សចំនួន៣នាក់បានបាត់បង់ជីវិតភ្ញាមៗនៅនឹងកន្លែង និង ១២នាក់ផងទៀតបានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ០៥លើកជាបន្តបន្ទៀប់ ក្នុងអំឡុងមុន និងក្រោយបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាដើមខែវិច្ឆិកានេះ នៅខេត្តពោធិ៍សាត់ នេះគិតត្រឹមថ្ងៃទី០១ដល់ថ្ងៃទី០៥ប៉ុណ្ណោះ។

បើយោងតាមប្រភពព័ត៌មានពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នៅវេលាម៉ោង៤ និង៤៥នាទីទៀបភ្លឺ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៣.១៨៤ ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់មួយបានកើតឡើង ដោយរថយន្តដឹកទំនិញ ១គ្រឿងម៉ាក ISUSU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A 7686 បើកបរដោយឈ្មោះ ខៀវ ខេមរា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន បានធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុបានរេចង្កូតធ្លាក់ចូលស្នាមភ្លោះក្រឡាប់ផ្ញារជើង បណ្ដាលឲ្យស្លាប់ព្រូរថយន្តម្នាក់ដោយគៀបនៅក្នុងកាប៊ីន ចំណែកអ្នកបើកបររថយន្តបង្ករបួសធ្ងន់ ដែលហេតុការណ៍នេះបើកបរក្នុងស្ថានភាពងងុយដែក។

ប្រភពខាងលើបន្តថា លុះនៅវេលាម៉ោង៦ និង២៥នាទី ព្រលប់ថ្ងៃទី០២ ខែឆ្នាំ ដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ដែរនោះ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ក៍មានករណីគ្រោះថ្នោះចរាចរណ៍មួយលើកដែរ បង្កឡើងដោយបុរស ២នាក់បានធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E 6646 បានធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុបានជ្រុលបុកគូថម៉ូតូ ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E 1299 ដែលកំពុងឈប់នៅលើចិញ្ចើមថ្នល់ បណ្ដាលឲ្យភាគីខាងម៉ូតូឈប់ស្ងៀម(ស្លាប់)ម្នាក់ និងរបួសធ្ងន់ទាំងសង់ខាងចំនួន ០៣នាក់ទៀត។

ប្រភពខាងលើបន្តទៀតថា ចំណែកនៅវេលាម៉ោង១១ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ដដែលដែរនោះ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥០.១៥១ ស្ថិតក្នុងភូមិឈើទាលខ្ពស ឃុំក្បាលត្រាច ស្រុកក្រគរ មានករណីគ្រោះថ្នាក់កើតឡើងម្តងទៀតដោយរថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B 6982 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុបានបត់កាត់មុខម៉ូតូ ២នាក់ប្តីប្រពន្ធ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យបុកពេញទំហឹងធ្វើឲ្យប្តី(ស្លាប់)ភ្លាមៗ និងរបួសធ្ងន់យ៉ាងរន្ធត់។

ប្រភពដដែលខាងលើបញ្ជាក់បន្តទៀតថា នៅវេលាម៉ោង១២ និង០០នាទីពាក់កណ្ដាលអាធ្រាត្រ ថ្ងៃទី០៤ ខែឆ្នាំដដែលនេះដែរ នៅលើកំណាត់ផ្លូវជាតិលេខ៥ដដែលទៀត ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧១.១៧២ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ក៍មានករណីគ្រោះថ្នោះចរាចរណ៍ទៀតបង្កឡើងដោយខ្លួនឯង រថយន្តម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កំពត 2A 1732 ដឹកផ្លែម្នាស់ពេញបើកបរដោយឈ្មោះ សឹុម ពៅ ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់) បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង បណ្ដាលឲ្យរេចង្កូតក្រឡាប់ចូលស្រែច្រើនត្រឡប់ ធ្វើឲ្យអ្នករួមដំណើរចំនួន ០៤នាក់ផ្សេងទៀត(ធ្ងន់)ម្នាក់ និងរបួសស្រាល ០៣នាក់ទៀត។

ដោយឡែក៖ ប្រភពដដែលខាងលើបញ្ជាក់បន្ថែមបន្តទៀតថា នៅវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី០៥ ខែឆ្នាំដដែលនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ទៀតហើយ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៣.១៦៤ ស្ថិតក្នុងភូមិក្រាំធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នោះបន្តទៀតដោយបុរសជាប្តីបានឌុបប្រពន្ធដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1ATហើយបានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុស្រាប់តែផ្លាតដួងបោកនឹងថ្នល់រងរបួសធ្ងន់ទាំងប្តីទាំងប្រពន្ធ(ប្រពន្ធបាក់ដៃ) ដូច្នេះសរុបករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ ទាំងចំនួន ០៥លើក នៅក្រុងពោធិ៍សាត់ និងស្រុកក្រគរ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ៣នាក់នៅនឹងកន្លែង និងរបួសធ្ងន់ស្រាលចំនួន ១២នាក់ថែមទៀត ព្រមទាំងរងការខូចខាតមធ្យោបាយមួយចំនួនផងដែរ៕ ប៉ឹម ពិន


ចែករំលែក៖