ព័ត៌មានទាន់ហេតុការណ៍៖

មេធាវី​តំណាង​សម្តេច​តេជោ​នឹង​ចូល​បំភ្លឺ​តុលាការ​ នៅ​រសៀល​នេះ​ ដើម្បី​ការពារ​បណ្តឹង​ប្តឹង​លោក​ លឺ​ ឡាយ​ស្រេង​ ពី​បទ​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ​ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​

ចែករំលែក៖

(ភ្នំពេញ)៖ លោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចូល​បំភ្លឺ​ចំពោះ​មុខ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​០៦​ ខែ​វិច្ឆិកា​ នេះ​​ ជុំវិញ​បណ្ដឹង​ប្តឹង​លោក លឺ ឡាយស្រេង​ អតីត​មន្ត្រី​ជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ករណីប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងបរិហាកេរ្តិ៍ជាសាធារណៈកាលពីពេលថ្មីៗនេះ។ ដោយ​ឡែក​លោក​ លឺ​ ឡាយ​ស្រេង​ ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៧​ ខែ​វិច្ឆិកា​ ។​

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧​កន្លងទៅនេះ មេធារី​តំណាង​ដោយ​អាណត្តិ​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្តឹងផ្លូវការ ប្តឹងលោក លឺ ឡាយស្រេង ទៅអយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញហើយ ដោយស្នើ​ឱ្យ​ផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ចំនួន៥០០លានរៀល (ប្រមាណ១២៥,០០០ដុល្លារ) ដល់ដើមបណ្តឹង។

ការដាក់ពាក្យបណ្តឹងរបស់លោកមេធាវី​ គី តិច ធ្វើឡើងបន្ទាប់ពីលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច បានសន្ទនាឆ្លើយឆ្លងគ្នា ដែលក្រៅពីប្រមាថព្រះចេស្តា យ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ និងសម្តេចក្រុមព្រះហើយនោះ ថែមទាំងនិយាយធ្វើ​ឱ្យ​ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិស័ព្ទ យ៉ាងធ្ងន់ធ្ងរ ដល់ប្រមុខដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលត្រូវបានយក​ទៅផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយ។

ពាក្យបណ្តឹងរបស់លោក គី តិច ប្តឹងលោក លឺ ឡាយស្រេង បានសុំ​ឱ្យ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូងរាជធានីភ្នំពេញ៖

១៖ សុំ​ឱ្យ​អយ្យការនិងសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ និងផ្តន្ទាទោស លើឈ្មោះ លឺ ឡាយស្រេង តាមច្បាប់។
២៖ ទាមទារ​ឱ្យ​ឈ្មោះ លឺ ឡាយស្រេង សងសំណងជំងឺចិត្តចំនួន ៥០០លានរៀល ដល់ដើមបណ្តឹងរដ្ឋប្បវេណី។
៣៖​ សុំឱ្យ​តុលាការប្រកាសផ្តន្ទាទោសបន្ថែម ផ្អែកតាមមាត្រា៣១០ នៃក្រមព្រហ្មទណ្ឌ។

ករណីនេះកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ ​វង្ស វឌ្ឍនា នេះបានស្នើ​ឱ្យ​ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះលោក លឺ ឡាយស្រេង ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្ដាអង្គព្រះមហាក្សត្រ។

កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយតំណាងកម្មករ ដែលជាប្រធានក្រុម ប្រធានផ្នែក រដ្ឋបាល និងជំនួយការសរុបប្រមាណ ៤,០០០នាក់ មកពីរោងចក្រចំនួន១១ ដែលកិច្ចសំណេះសំណាលនេះ ​ធ្វើនៅសាលមហោស្រពកោះពេជ្រ នាយករដ្ឋមន្ដ្រីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចប្ដឹងលោក លឺ ឡាយស្រេង ដែលនិយាយ​បានប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើឲ្យសម្ដេចមិនអាចទទួលយកបាននោះទេ។ ទន្ទឹមនឹងការប្រកាសប្ដឹងរឿងប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រនេះ សម្ដេចតេជោ ហ៊ុន សែន​ បញ្ជាក់ថា សម្ដេចក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍សម្ដេចថា ឲ្យមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ។

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកក តាមជើងហោះហើរ Bangkok Air PG 938៕ ចេស្តា

 


ចែករំលែក៖