ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរងគ្រោះនៅក្នុងឃុំគគីរស្រុករមាសហែកខេត្តស្វាយរៀងអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកជួយយកគ្រាប់បែកគីមីរបស់ខ្លួនទៅវិញនិងទាមទារសំណងដល់ក្រុមអ្នកគ្រួសាររងគ្រោះដោយសារសារធាតុពុលនៃគ្រាប់បែកគីមី

ចែករំលែក៖

ខេត្តស្វាយរៀង៖ រហូតមកដល់ពេលនេះ អាជ្ញាធរជាតិអាវុធគីមី និងមន្ត្រីសុីម៉ាកបានរុករកឃើញគ្រាប់បែកចំនួន១៦គ្រាប់ផ្សេងទៀត ក្រោយពីពេលប្រតិបត្តិការរុករកគ្រាប់បែកគីមី និងរំដោះគ្រាប់បែកគីមីដែលបន្សល់ទុកតាំងពីទសវត្សរ៍ទី៧០ ដោយទម្លាក់ពីយន្តហោះរបស់កងទ័ពអាមេរិកមកលើទឹកដីប្រទេសកម្ពុជាក្នុងភូមិសាស្ត្រវត្តគគីរ។

មន្ត្រីសុីម៉ាកបានឲ្យដឹងថា ទីតាំងដែលរុករកឃើញនោះ គឺមានចំនួន១២ទីតាំង ស្មើ៥ភូមិ នៅកន្លែងផ្សេងៗគ្នា ដោយរកឃើញគ្រាប់បែក១៦គ្រាប់នោះ ទី១. ភូមិ តាវាំង ចំនួន៦គ្រាប់ ទី២.ភូមិ គគីរ ២គ្រាប់ ទី៣.ភូមិ ត្រពាំងស្គន់ ២គ្រាប់ ទី៤.ភូមិ ព្រៃក្តី ៣គ្រាប់ និង ទី៥.ភូមិ តាសេក ចំនួន៣គ្រាប់។

ប្រភពបន្តថា ទីតាំងខាងលើដែលខាងក្រុមការងារចម្រុះរុករកឃើញគឺបានដាក់ស្លាកសញ្ញាហាមមិនឲ្យចូលជិត ឬប៉ះពាល់នោះទេ គឺទុកឲ្យខាងជំនាញចុះដោះតាមបច្ចេកទេស ហើយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ពលរដ្ឋរស់នៅឃុំគគីរដែលមានគ្រាប់បែកគីមីនោះ បានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជួយចុះមកពិនិត្យមើល និងជួយដោះគ្រាប់បែកគីមីទាំងនោះចេញផង ដោយមានពលរដ្ឋរស់នៅតំបន់នោះ រងគ្រោះដោយឥទ្ធិពលនៃគ្រាប់បែកគីមីជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ មានមនុស្ស១០០នាក់ជាងហើយ ដែលរងគ្រោះដោយសារសារធាតុពុលរបស់គ្រាប់បែកគីមី។

អភិបាលរងស្រុករមាសហែកលោក ស៊ូ សាមុល បានប្រាប់ឲ្យសារព័ត៌មាននគរវត្តដឹងថា៖ ចាប់តាំងពីពលរដ្ឋបានរាយការណ៍ថា មានគ្រាប់បែកមកលើភូមិសាស្ត្រឃុំគគីរ ស្រុករមាស ខេត្តស្វាយរៀង ពីសំណាក់ទ័ពអាមេរិក នៅក្នុងទសវត្សរ៍៦០ដល់៧០រហូតមកដល់បច្ចុប្បន្ន ត្រូវរាជបានរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ និងរំដោះគ្រាប់បែកគីមីចេញដោយប្រើកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ស៊ូ សាមុល បានបន្តឲ្យដឹងទៀតថា៖ ពលរដ្ឋនៅតំបន់ដែលមានគ្រាប់បែកគីមី គឺមានអ្នករងគ្រោះ១០២នាក់ហើយ និងមានអ្នកខ្លះត្រូវបានវិលទៅលំនៅឋានវិញ និងមានខ្លះនៅបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។

លោកក៏ដូចជាពលរដ្ឋនៅស្រុករមាសហែក បានសុំឲ្យខាងរដ្ឋាភិបាលសហរដ្ឋអាមេរិកទទួលខុសត្រូវក្នុងការទម្លាក់គ្រាប់បែក និងសងសំណងដល់ក្រុមគ្រួសារជនរងគ្រោះ ដោយឥទ្ធិពលនៃសារធាតុគីមីរបស់គ្រាប់បែកគីមី ដែលរងទុក្ខវេទនាជាច្រើនឆ្នាំកន្លងមកហើយ៕ យឹម សុថាន


ចែករំលែក៖