ភ្នំពេញ៖ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កូន ប្រុសរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិគឺលោក អេង រតនៈ បានបង្ហោះសារជាច្រើននៅលើហ្វេសប៊ុក របស់លោកដោយវាយប្រហារយ៉ាងចាស់ ដៃទៅលើលោក កឹម សុខា និងក្រុមមនុស្ស ដែលស្ម័គ្រស្មោះចំពោះលោក កឹម សុខា។ លោក អេង រតនៈ បានលើកឡើងថា លោក កឹម សុខា មិនមែនជាដង្ហើមជីវិតនយោបាយ របស់បក្សសង្គ្រោះជាតិនោះឡើយហើយ អត់ពីលោក កឹម សុខា ក៏នយោបាយនៅតែ បន្តដដែល ។
ការលើកឡើងរបស់កូនប្រុសលោក អេង ឆៃអ៊ាង បានធ្វើឡើងតែប៉ុន្មានថ្ងៃតែ ប៉ុណ្ណោះបន្ទាប់ពីកូនស្រីទាំង២របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម មនោវិទ្យា និង កឹម សម្មាធីតា បានបង្ហោះសារបញ្ឆិតបញ្ឆៀង និងបាន វាយប្រហារទៅលោក សម រង្ស៊ី អតីត ប្រធានគណបក្សសង្គ្រោះជាតិ និងក្រុម មនុស្សស្ម័គ្រស្មោះជាមួយលោក សម រង្ស៊ី។
សារឆ្លើយឆ្លងតាម Messager រវាង កញ្ញា កឹម មនោវិទ្យា ជាមួយក្រុមមនុស្សមានស្វាមីភក្តិចំពោះលោក កឹម សុខា ដែល ត្រូវបានសកម្មជនសំខាន់មួយរូបរបស់ គណបក្សសង្គ្រោះជាតិកំពុងរស់នៅប្រទេសកាណាដាមានជំហរគាំទ្រលោក សម រង្ស៊ី កញ្ញា កឹម មនោវិទ្យា បានលើកឡើងថា លោក សម រង្ស៊ី បានធ្វើឲ្យអ្នកប្រជាធិប តេយ្យគ្នាឯងឈឺចាប់ច្រើនណាស់ជាង២០ឆ្នាំមកនេះដោយសារតែលោក សម រង្ស៊ី និងដៃជើងចូលចិត្តមុសា និងលាបពណ៌ ។
នៅក្នុងសារឆ្លើយឆ្លងនេះកញ្ញា កឹម មនោវិទ្យា បានរៀបរាប់យ៉ាងដូច្នេះថា «លោក សរ (សម រង្ស៊ី) ធ្វើឲ្យអ្នកប្រជាធិបតេយ្យគ្នាឯងឈឺចាប់ច្រើនណាស់ជាង២០ឆ្នាំនេះដោយសារគាត់និងដៃជើងគាត់ខ្លះចូលចិត្តមុសា និងលាបពណ៌ មិនមានសច្ចធម៌ឬភាពថ្លៃថ្នូរទេយតែគេមិនធ្វើដូចចិត្តដឹងតែ លាបពណ៌ដែលសាកគិតទេដូចជាគ្រួសារលោក កែម ឡី ឬគ្រួសារខ្ញុំឈឺចាប់ប៉ុនណា នូវការមួលបង្កាច់មកលើពួកខ្ញុំមិនមែន ធម្មតាទេចោទមុសាសាហាវៗណាស់» ។
សារដែលគេយល់ថា ជាការឆ្លើយតប ទៅនឹងកូនៗរបស់លោក កឹម សុខា នេះ លោក អេង រតនៈ បានបញ្ជាក់យ៉ាងដូច្នេះ ថា «មាន ឬ អត់ កឹម សុខា ក៏នយោបាយនៅ តែមាន! តើអត់ពី កឹម សុខា យើងនឹងសម្លាប់ ខ្លួនតាមគាត់ឬ? ស្អីស្មានថា ពិភពនយោ បាយទាល់តែមាន កឹម សុខា! ទោះជា កឹម សុខា មិននៅ ក៏នយោបាយនៅតែមិនដូច ឥឡូវគឺនៅតែបន្ត»។
សម្តីកូនប្រុសរបស់លោក អេង ឆៃអ៊ាង បានធ្វើឲ្យអ្នកស្ម័គ្រស្មោះរបស់លោក កឹម សុខា ជាច្រើនចេញមកប្រតិកម្ម និងខឹង សម្បា។ លោក យឹម ស៊ីនួន សកម្មភាពជនគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូងបានលើកឡើងវិញថា «អត់ សម រង្ស៊ី ក៏នយោបាយស្រុកខ្មែរនៅដំណើរការដូចគ្នាព្រោះស្រុកខ្មែរមានអ្នកចេះច្រើន» ។
ឆ្លើយតបសារដែលកូនប្រុសធ្វើឲ្យប៉ះពាល់លោក កឹម សុខា នេះលោក អេង ឆៃអ៊ាង ក៏បានចេញមកសុំទោសផងដែរ ដោយអះអាងថា កូនប្រុសរបស់លោកមាន បញ្ហាសុខភាព។ លោក អេង ឆៃអ៊ាង បាន គូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំ អេង ឆៃអ៊ាង ជាឪពុកលោក អេង រតនៈ សូមអភ័យទោសចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងក្នុងនិងក្រៅប្រទេសជំនួសកូនប្រុសរបស់ខ្ញុំដែលបានសរសេរ និងឆ្លើយឆ្លងដោយចោទប្រកាន់មិនត្រឹមត្រូវលើលោកប្រធាន កឹម សុខា នៅក្នុងគណនីហ្វេសប៊ុករបស់ គាត់។ ខ្ញុំសូមជម្រាបជូនបងប្អូនរួមនយោ បាយមេត្តាជ្រាបថា កូនប្រុសខ្ញុំ អេង រតនៈ មួយសប្តាហ៍កន្លងទៅមានបញ្ហាសុខភាព។ ខ្ញុំ សង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹង យោគយល់នូវកំហុសឆ្គងដោយអចេតនា របស់កូនប្រុសខ្ញុំនេះ»។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី នឹងគណបក្ស សិទ្ធិមនុស្សកាលពីឆ្នាំ២០១២ដោយមានរូប ព្រះអាទិត្យរះជានិមិត្តសញ្ញា។ តែគណបក្ស នយោបាយកើតចេញពីបណ្តុំគណបក្ស ធ្លាប់ជាសត្រូវនឹងគ្នាមួយនេះកំពុងតែវិវឌ្ឍន៍ទៅរកការបាត់រូបវិញហើយ ។
មួយរយៈពេលចុងក្រោយនេះទន្ទឹមនឹងការប្រឈមការរំលាយចោលតាមបណ្តឹង របស់ក្រសួងមហាផ្ទៃព្រោះតែការប្រព្រឹត្ត ផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយហើយនោះគណបក្សប្រឆាំងនៅកម្ពុជា មួយនេះក៏កំពុងរងការប្រេះឆាផ្ទៃក្នុងខ្លាំង ផងដែរ ។
ការប្រេះឆាត្រូវបានផ្ទុះខ្លាំងបន្ទាប់ពីលោក សម រង្ស៊ី អតីប្រធានគណបក្ស សង្គ្រោះជាតិបានចោទប្រកាន់ដោយត្រង់ៗ ចំពោះលោក ម៉ៅ មុនីវណ្ណ និងមនុស្ស របស់លោក កឹម សុខា មួយចំនួនទៀតថាធ្វើ សកម្មភាពក្បត់បក្ស និងមានបំណងក្តោបក្តាប់បក្សជាដើមនោះ ៕ ហេង សូរិយា