ភ្នំពេញ៖ និស្សិតម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួលតែម្នាក់ឯងសង្ស័យគាំងបេះដូងបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៧ នៅក្នុងផ្ទះលេខ៨ បន្ទប់ជួល លេខ២២ ផ្លូវលេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ធីម ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ ផ្នែក នីតិសាស្រ្តនិងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាបុគ្គលិក ធនាគារ ប្រាសាក់ ស្នាក់នៅបន្ទប់ជួលលេខ២២ ផ្ទះលេខ៨ ផ្លូវ លេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ។
តាមការបំភ្លឺអះអាងរបស់ឈ្មោះ ខូយ ចាន់ដេត ភេទស្រីអាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ជាអ្នកជួលផ្ទះក្បែរ ផ្ទះរបស់សពបានអះអាងថា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១១និង១០នាទីព្រឹកខ្លួនកំពុងនៅខាងក្រោម ស្រាប់តែឈ្មោះ ក្រឹម ធីតា ភេទស្រី អាយុប្រហែល២៣ឆ្នាំ ជនជាតិខ្មែរ ជាអ្នកជួលបន្ទប់លេខ២១ ជាប់បន្ទប់សព បានស្រែកប្រាប់មកខ្លួនថា មានសំឡេងទូរស័ព្ទរោទិ៍ជាច្រើនដង នៅក្នុងបន្ទប់របស់ឈ្មោះ ធីម ចន្ថា តែគ្មានអ្នកលើក។ ពេលនោះក៏មានអ្នកជិតខាង មកជួយ មើលហើយនាំគ្នាគោះទ្វារបន្ទប់ហៅតែគ្មានឮសូរសឡេងឆ្លើយតបឡើយ។ភ្លាមៗនោះអ្នកជិតខាងក៏ជួយគាស់ចំរឹងបង្អួួចពីខាងមុខចូលទៅមើលក្នុងបន្ទប់ ក៏ឃើញឈ្មោះ ធី ចន្ថា ដេកនៅលើប៉ៅ អីដែកបត់មាន បែកពពុះមាត់ ពេលនោះខ្លួនស្មានតែនៅរស់ក៏យកក្រូចឆ្មា ទៅច្របាច់ដាក់ចូលក្នុងមាត់របស់ឈ្មោះ ធីម ចន្ថា ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបម្ចាស់ផ្ទះ រាយការណ៍ប្រាប់នគរបាលមូលដ្ឋានចុះមកពិនិត្យ តែម្ដង។
តាមការអះអាងពីឈ្មោះ ធីម ចន្ធី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ធនាគារស្ថាបនា ត្រូវជាប្អូនបង្កើតសពបានអះអាងថា បងប្រុសរបស់ខ្លួនឈ្មោះ ធីម ចន្ថា ជួលផ្ទះនៅតែឯង ហើយបងប្រុសខ្លួនធ្លាប់មានជំងឺក្រពះពោះវៀន ។
តាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យឈ្មោះ ចាន់ ថេត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាពូរបស់សព យកទៅធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកកងមាស ខេត្តកំពង់ចាម៕ ប្រាថ្នា